681 ezgif.com resize
Swift cc time

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មចាប់ដៃជាមួយក្រុមហ៊ុនជប៉ុនតូយ៉ូតា បណ្តុះជំនាញ«ដំឡើង និងថែទាំរថយន្ត»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) របស់កម្ពុជា នៅថ្ងៃទី ២៣ មករា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន តូយ៉ូតា ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្ដង់ដារឧស្សាហកម្មទំនើប។

តាមរយៈMOUនេះ សមភាគីទាំងពីរ ផ្ដោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ (RIS) និងការផ្ដល់ឱកាសដល់សិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស (Guest Lecture) ដើម្បីចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យាថ្មីៗដែលកំពុងមានវត្តមាននៅលើទីផ្សារ ព្រមទាំងការបណ្ដុះបណ្ដាលបំពាក់ជំនាញបន្ថែម (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់បុគ្គលិក និងតម្រង់ទិសដល់សិស្សានុសិស្ស។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខានេះ បានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបាន ក្នុងការកសាងមូលធនមនុស្សដែលមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។

យោងតាមក្រសួងការងារកម្ពុជា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ និងឱកាសការងារល្អៗនៅក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង៕

Khcct banner

អត្ថបទទាក់ទង