ភ្នំពេញ– សាកលវិទ្យាល័យខេមតិចដោយសហការជាមួយ សហគ្រិនខ្មែរ(KE) បានបញ្ចប់ជាផ្លូវការនូវកម្មវិធី ការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ ដែលជាសមិទ្ធផលសំខាន់មួយ ទៀតក្នុងការលើកកម្ពស់នវានុវត្តន៍ប្រកបដោយចីរភាព និងសហគ្រិនភាពយុវជននៅកម្ពុជា។ ព្រឹត្តិការណ៍មាន ការចូលរួមពីនិស្សិត លោកគ្រូអ្នកគ្រូសាស្ដ្រចារ្យ អ្នកជំនាញក្នុងវិស័យ អ្នករៀបចំចងក្រងគោលនយោបាយ និងដៃគូនវានុវត្តន៍ ដើម្បីអបអរសាទរសមិទ្ធផលរបស់សិស្សនិស្សិតមកពីសាកលវិទ្យាល័យនានាទូទាំងប្រទេស។
នៅក្នុងវគ្គធ្វើបទបង្ហាញចុងក្រោយនេះ មាននិស្សិតចំនួន១០ក្រុម តំណាងឱ្យសាកលវិទ្យាល័យចំនួន៧ បាន ចូលរួមធ្វើបទបង្ហាញអំពីដំណោះស្រាយ អនុវត្តផ្ទាល់លើផលិតផលគំរូ (prototype) និង ឆ្លើយសំណួរ ពីគណៈកម្មការវិនិច្ឆ័យរយៈពេល៥នាទីផងដែរ។ បទបង្ហាញទាំងអស់ត្រូវបានធ្វើជាភាសាអង់គ្លេសដើម្បីបង្ហាញ ពីវិជ្ជាជីវៈ ទស្សនវិស័យសកល និងការត្រៀមខ្លួនរបស់ក្រុមនិស្សិតក្នុងការចូលរួមជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ទូលំទូលាយ។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើក ឡើងថា “កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ ក្រោមក្របខណ្ឌកម្មវិធី “សហគ្រិន មហាវិទ្យាល័យ” គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្តល់ការបណ្ដុះបណ្ដាលដល់យុវជនជំនាន់ថ្មី ឱ្យក្លាយជាធនធាន ដែលមានសក្តានុពលខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសកល ដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់ រហ័ស។ តាមរយៈកម្មវិធីនេះ និស្សិតបានអភិវឌ្ឍជំនាញសំខាន់ៗ ដូចជាការច្នៃប្រឌិត នវានុវត្តន៍ ការធ្វើការងារជាក្រុម និងការគិតបែបបច្ចេកទេសទាក់ទងវិស័យបច្ចេកវិទ្យាឌីជីថល កសិកម្មឆ្លាតវៃ បច្ចេកវិទ្យា បៃតង និងរ៉ូបូត។”
ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា “ការរីកចម្រើននៃប្រទេសមួយ គឺផ្តើមចេញពីកត្តាជាច្រើន ដូចជាគុណភាពនៃការអប់រំ កម្លាំងសេដ្ឋកិច្ច ភាគនៃពាណិជ្ជកម្មសាកល កម្លាំងប្រកួតប្រជែង និងរួមមានបច្ចេកវិទ្យាសាស្ត្រនិងនវានុវត្តន៍ផងដែរ។ ឯកឧត្តមបណ្ឌិតក៏សូមអគុណដល់សហគ្រិនខ្មែរដែលតែងតែគាំទ្រកម្មវិធីប្រកួតប្រជែងនវានុវត្តន៍នានាដើម្បីជំរុញធុរកិច្ចថ្មី ការអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យមក្នុងស្រុក”។
ថ្លែងសន្ទរកថាបិតនៃការប្រកួត លោកស្រី Alda Waddell នាយកផ្នែកផែនការយុទ្ធសាស្ត្រ និងទីផ្សារនៃ សាកលវិទ្យាល័យខេមតិចមានមតិថា “ការប្រកួតបច្ចេកវិទ្យារដូវកាលទី៣នេះគឺជាការផ្តល់ជំនាញ និងឱកាសដល់ យុវជនខ្មែរនូវការបង្កើតគំនិតធុរកិច្ចថ្មីផ្តោតលើបច្ចេកវិទ្យា និងប្រែក្លាយធុរកិច្ចនេះឲ្យទៅជាអាជីវកម្មមួយដ៏ជោគជ័យនាពេលអនាគត ”។
ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយការប្រកាសក្រុមអ្នកឈ្នះរង្វាន់ជ័យលាភីបី ក្នុងការវាយតម្លៃលើភាពច្នៃប្រឌិត ភាពអាចអនុវត្តបាន និងសក្តានុពលនៃផលវិជ្ជមាន។
សូមអបអរសាទរដល់ក្រុមជ័យលាភីទី១ KON(កូន) ក្រុមជ័យលាភទី២ KOMNOT ក្រមជ័យលាភីទី៣ GreenLink
ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០២៣ មក កម្មវិធី ប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ ដែលរៀបចំដោយ សាកលវិទ្យាល័យខេមតិច សហការជាមួយសហគ្រិនខ្មែរបានក្លាយជាវេទិកាសំខាន់មួយសម្រាប់អភិវឌ្ឍ ទេពកោសល្យបច្ចេកវិទ្យា ជំរុញការសហការឆ្លងវិស័យ និងលើកកម្ពស់នវានុវត្តន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ការបិទបញ្ចប់នៃកម្មវិធី ការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី ៣ នេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ សាកលវិទ្យាល័យខេមតិច ក្នុងការជំរុញការស្រាវជ្រាវនវានុវត្តន៍ និងការតភ្ជាប់ជាមួយឧស្សាហកម្មខណៈពេលជំរុញ អ្នកដឹកនាំជំនាន់ក្រោយឱ្យប្រែក្លាយគំនិតទៅជាសមិទ្ធផលមានអត្ថន័យសម្រាប់សង្គម។