អាម៉េរិក៖ អ្នកចរចាសន្តិភាពរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក នឹងធ្វើកិច្ចចរចាត្រីភាគីនៅអារ៉ាប់រួមនៅថ្ងៃសុក្រសប្តាហ៍ក្រោយនេះដែលនេះនឹងក្លាយជាជាកិច្ចប្រជុំត្រីភាគីលើកដំបូងដែលបានចូលរួមដោយប្រទេសទាំងបីចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់ខ្លួនជិតបួនឆ្នាំមុនលើប្រទេសអ៊ុយក្រែន។
វិមានក្រឹមឡាំងបានបញ្ជាក់ថា មន្ត្រីរុស្ស៊ីនឹងចូលរួមកិច្ចចរចា បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងបេសកជនអាម៉េរិកនៅទីក្រុងមូស្គូ។ រុស្ស៊ីបានពិពណ៌នាអំពីកិច្ចចរចាថ្មីៗនេះជាមួយបេកជនពិសេសរបស់លោកត្រាំថាជាកិច្ចប្រជុំមានប្រយោជន៍។ វិមានក្រឹមឡាំងបានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងមិនអាចសម្រេចបានទេ រហូតដល់បញ្ហាទឹកដីត្រូវបានដោះស្រាយ។
ជំនួយការវិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា កិច្ចចរចានេះគឺ "មានសារៈសំខាន់ ស្ថាបនា និងស្មោះត្រង់" ប៉ុន្តែបានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងណាមួយសម្រាប់សន្តិភាពយូរអង្វែងនឹងមិនអាចទៅរួចទេ បើគ្មានការដោះស្រាយបញ្ហាទឹកដី។ លោកបានមានប្រសាសន៍ថា "រហូតដល់រឿងនេះត្រូវបានសម្រេច រុស្ស៊ីនឹងបន្តបន្តអនុវត្តគោលបំណងនៃប្រតិបត្តិការយោធាពិសេសនេះជាប់លាប់"។
លោក Ushakov បន្ថែមទៀតថា លោក ពូទីនចាប់អារម្មណ៍ដោយស្មោះចំពោះដំណោះស្រាយការទូត ក៏ប៉ុន្តែបើគ្មានការដោះស្រាយបញ្ហាទឹកដីតាមរូបមន្តដែលបានព្រមព្រៀងគ្នានៅអាឡាស្កាទេក្នុងជំនួបរវាងលោកពូទីន និងត្រាំ នោះនឹងគ្មានក្តីសង្ឃឹមក្នុងការសម្រេចបាននូវដំណោះស្រាយរយៈពេលវែងឡើយ។
គួររម្លឹកថានៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបចំពោះកង្វះ "ឆន្ទៈនយោបាយ" ក្នុងការចាត់វិធានការប្រឆាំងនឹងរុស្ស៊ី។ អ្នកដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនៅយប់ថ្ងៃព្រហស្បតិ៍តំណាងលោកពូទីន និងជំនួយការរុស្ស៊ីពីរនាក់ផ្សេងទៀត និងតំណាងសហរដ្ឋអាម៉េរិកបីនាក់ រួមទាំងលោក Steve Witkoff និងកូនប្រសាររបស់លោក Donald Trump គឺលោក Jared Kushner៕