ភ្នំពេញ៖ អគារវិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី) ដែលមានទំហំ៧៩ម៉ែត្រ x ៤៧ម៉ែត្រ មានកម្ពស់ ៤ជាន់ នៅថ្ងៃទី ២៣ មករានេះ បានរៀបចំពិធីចម្រើនព្រះបរិត្តឡើង ក្រោមអធិបតីភាពរបស់ សម្ដេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ពិធីនេះ រៀបចំឡើងដើម្បីគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលខាងមុខនេះ។
អគារថ្មីនេះ មានទំហំ ៧៩ម៉ែត្រ x ៤៧ម៉ែត្រ និង មានកម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អគារវិមានសាមគ្គីភាព ព្រឹទ្ធសភាថ្មី នេះ កសាងឡើងដោយថវិកាបណ្ដាសប្បុរសជនដែលជាភស្តុតាងនៃសាមគ្គីភាពដ៏រឹងមាំ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលខាងមុខនេះ។
លក្ខណៈសំខាន់នៃអាគារ វិមានសាមគ្គីភាព ព្រឹទ្ធសភា គឺជាន់ផ្ទាល់ដី មានបន្ទប់ធំមួយរបស់នាយកដ្ឋាន បណ្ណាល័យសម្រាប់រៀបចំសៀវភៅផ្សេងៗ ឃ្លាំងដាក់សៀវភៅបន្ទប់ប្រចាំការ និង បន្ទប់គណៈបញ្ជាការអង្គរក្ស បន្ទប់ Server បន្ទប់បច្ចេកទេស បន្ទប់ទឹក នារី និង បុរស និង សន្តិសុខ និងបន្ទប់ផ្សេងៗទៀត។
ជាន់ទី១ មានបន្ទប់ Hall ធំ សម្រាប់ត្រួតពល សាលជប់លៀង និង អាចប្រើប្រាស់សម្រាប់កិច្ចប្រជុំធំៗ បន្ទប់សន្និសីទកាសែត បន្ទប់ដាក់វត្ថុអនុស្សាវរីយ៍ បន្ទប់ប្រើប្រាស់ពហុបំណង បន្ទប់រង់ចាំសម្រាប់ភ្ញៀវ បន្ទប់រៀបចំអាហារ បន្ទប់ទឹកនារី បុរស ឆ្វេងស្ដាំ និងបន្ទប់ជាន់ឡៅតឿមានបន្ទប់បកប្រែ និង មានបន្ទប់ផ្សេងទៀត។
ជាន់ទី២ មានបន្ទប់ការិយាល័យ បន្ទប់ទទួលភ្ញៀវបន្ទប់សម្រាកសម្រាប់ សម្ដេចប្រធានព្រឹទ្ធសភា សាលសម្រាប់ជូនសារតាំង ឬរៀបចំពិធីផ្សេងៗ សាលជប់លៀង ដោយដាក់បានមនុស្ស២២នាក់ បន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំទ្វេភាគី កន្លែងចាប់ដៃ និងថតរូបពេលប្រជុំទ្វេភាគី បន្ទប់ក្រុមសារព័ត៌មាន បន្ទប់ការិយាល័យបេសកជនពិសេស បន្ទប់ការិយាល័យ និងបន្ទប់សម្រាកសម្រាប់នាយកខុទ្ទកាល័យ ការិយាល័យនាយករងខុទ្ទកាល័យ ទីប្រឹក្សា ពិធីការ ជំនួយការ និងមន្ត្រីខុទ្ទកាល័យសម្ដេចតេជោ បន្ទប់ទឹកបុរសនារី និងបន្ទប់ផ្សេងៗទៀត។
ជាន់ទី៣ មានសាលប្រជុំធំសម្រាប់គណៈអចិន្ត្រៃយ៍ទ្វេភាគី ប្រជុំរួម និងប្រជុំផ្សេងៗ បន្ទប់បច្ចេកទេស បន្ទប់រង់ចាំ បន្ទប់ទឹកបុរស នារី និងបន្ទប់ផ្សេងៗទៀត៕