681 ezgif.com resize
Swift cc time

អង្គការ FHI 360 បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រការពង្រឹងប្រព័ន្ធសុខាភិបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) បេ្តជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីគាំទ្រការពង្រឹងប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ និងរឹងមាំ។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ FHI 360 ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងប្រព័ន្ធថែទាំសុខភាពឱ្យមានភាពធន់ និងរឹងមាំ ជាពិសេសតាមរយៈគម្រោង EpiC (ការគ្រប់គ្រងមេរោគអេដស៍ និងសន្តិសុខសុខភាព), គម្រោង Alive & Thrive និងគម្រោងពង្រឹងប្រព័ន្ធរកឃើញជំងឺឆ្លង។ លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា វត្តមានរបស់ FHI 360 គឺជាក្តីសង្ឃឹមប្រកបដោយនិរន្តរភាពចូលរួមគាំទ្រសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោកវេជ្ជបណ្ឌិត Christian Pitter អនុប្រធានជាន់ខ្ពស់ផ្នែកកម្មវិធីសកល និងវិទ្យាសាស្ត្រ ប្រចាំការិយាល័យកណ្តាលសហរដ្ឋអាម៉េរិក បានលើកឡើងថា បេសកកម្មរបស់អង្គការ FHI 360 ដែលបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៨ ក្នុងគោលដៅលើកកម្ពស់សមធម៌សុខភាព តាមរយៈការប្រើប្រាស់ទិន្នន័យ និងដំណោះស្រាយបច្ចេកទេស។ បច្ចុប្បន្ន អង្គការកំពុងអនុវត្តគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដែលទទួលបានការគាំទ្រថវិកា ពីក្រសួងការបរទេសសហរដ្ឋអាម៉េរិក មូលនិធិសាកល និងរដ្ឋាភិបាលអៀកឡង់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតបនឹងជំងឺឆ្លង សុខភាពមាតា និងទារក រួមទាំងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឌីជីថល។

ជាទិសដៅបន្ត លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យអង្គការ FHI 360 បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។ ក្នុងនោះ លោកបានដាក់ចេញនូវអាទិភាពសំខាន់ៗ រួមមាន៖ ការបង្កើនការអប់រំសុខភាពដល់សហគមន៍ ការប្រយុទ្ធនឹងជំងឺឆ្លង និងជំងឺមិនឆ្លង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ការពង្រឹងគុណភាពសេវាទាំងសាធារណៈ និងឯកជន ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងប្រព័ន្ធសុខភាពឌីជីថល (Digital Health)៕


Khcct banner

អត្ថបទទាក់ទង