681 ezgif.com resize
Swift cc time

ក្រសួងអប់រំ ប្រកាសដាក់ឱ្យប្រើប្រាស់«ភាសាចារ៉ាយ» ក្នុងកម្មវិធីអប់រំពហុភាសា នៅថ្ងៃទី២៧មករាខាងមុខ នៅខេត្តរតនគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ គោលបំណងនៃការដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយក្នុងកម្មវិធីអប់រំពហុភាសានៅតាមសាលារៀនគោលដៅ គឺដើម្បីផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាផ្តល់ឱកាសការងារដល់ជនជាតិដើមភាគតិច ពិសេសចូលរួមថែរក្សាភាសាកំណើតប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច។

ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសាចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា(កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាលយ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជា ដៃគូសម្រាប់ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប(EU) អង្គការអេដ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា(ICC) អង្គការឃែរកម្ពុជា(CARE) អង្គការNTFP អង្គការភ្លែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀតដែលបាននិងកំពុងធ្វើ ការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្ដល់ឱកាសការងារដល់ជនជាតិដើមភាគតិចធ្វើការជាគ្រូបង្រៀនប្រមាណ ៤០០នាក់ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅក្នុងខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។

ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសាប្រកបដោយប្រសិទ្ធភាព ក្រសួងបានរៀបចំយន្តការនិងក្របខណ្ឌគតិយុត្តមួយចំនួន រួមមានការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ព្រៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល, ផែនការ សកម្មភាពអប់រំពហុភាសា ២០២៤-២០២៨, កម្មវិធីសិក្សា, សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សាភ្ជាប់ នឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ក្រសួងបាន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគដាក់បញ្ចូលកម្មវិធីអប់រំពហុភាសាក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូឦសាន្តខេត្តស្ទឹងត្រែង សាលាគរុកោសល្យ និងវិក្រឹតការខេត្តក្រចេះ និងសាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ។

ក្រសួងក៏បានរៀបចំ និងបកប្រែសៀវភៅសិក្សា សម្ភារៈសិក្សាជាភាសាចារ៉ាយសម្រាប់អនុវត្តក្នុងកម្មវិធីអប់រំពហុភាសាបន្ថែមទៀត ព្រមទាំងបានដាក់ឱ្យអនុវត្តសាកល្បងនៅសាលារៀនបឋមសិក្សាចំនួន៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្ដូងមាស ខេត្តរតនគិរី។

ក្រសួងអប់រំ បានអរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការ គាំទ្រ និងចូលរួមជំរុញឱ្យការអនុវត្តកម្មវិធីអប់រំពហុភាសាទទួលបានលទ្ធផលល្អ ជាពិសេសបានចូលរួមថែរក្សាភាសាកំណើតប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចបានល្អប្រសើរ៕


Khcct banner

អត្ថបទទាក់ទង