អាម៉េរិក៖ សហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃទី ២២ ខែ មករា បានសម្រេចចាកចេញពីអង្កការសុខភាពពិភពលោក (WHO) ជាផ្លូវការបន្ទាប់ពីបានសហការជាមួយគ្នាអស់រយៈពេលជិត ៨០ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៤៨ មក។ លោកត្រាំសម្រេចចាកចេញដោយលើហេតុផលថា WHO បានបរាជ័យក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ កូវីដ-១៩ កាលពីដំណាក់កាលដំបូង។ លោកយល់ថា WHO មិនបានផ្តល់ព័ត៌មានឱ្យបានឆាប់រហ័ស និងតម្លាភាពដល់ពិភពលោកនោះទេ មុននឹងសម្រេចចិត្តចាកចេញ អាម៉េរិកក៏ធ្លាប់បានដាក់ឱសានវាទឱ្យ WHO ធ្វើការកែទម្រង់ផ្ទៃក្នុងទ្រង់ទ្រាយធំ ដែលសហរដ្ឋអាម៉េរិកយល់ថា WHO មិនបានធ្វើតាមការទាមទារទាំងនោះ ទើបលោក ត្រាំ សម្រេចចិត្តបញ្ឈប់ការផ្តល់មូលនិធិ និងចាប់ផ្តើមដំណើរការដកខ្លួនជាផ្លូវការ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន FOX NEWS បន្ទាប់ពីចូលជាសមាជិកភាពជិត ៨០ ឆ្នាំ សហរដ្ឋអាម៉េរិកបានសម្រេចចិត្តចាកចេញពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការចំណាត់ការនេះគឺធ្វើឡើងតាមលោកប្រធានាធិបតី ត្រាំ ដែលបានផ្តួចផ្តើមដំណើរការដកខ្លួនចេញនៅក្នុងបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ដែលជាថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក។ លោកបានលើកឡើងពីការចោទប្រកាន់របស់អង្គការនេះថា "ការគ្រប់គ្រងជំងឺរាតត្បាត កូវីដ-១៩ មិនបានត្រឹមត្រូវ" និង "វិបត្តិសុខភាពពិភពលោកផ្សេងទៀត"ដោះស្រាយមិនទាន់ពេលវេលា និងខ្ចះខ្ចាយថវិកាជាតិរបស់អាម៉េរិក។
ជាមួយគ្នានេះដែរប្រធាន WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានសម្តែង "ក្តីសង្ឃឹមរបស់លោកថាសហរដ្ឋអាម៉េរិកនឹងពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន និងចូលរួមឡើងវិញជាមួយ WHO ។ លោក Ghebreyesus បានចាត់ទុកការសម្រេចចិត្តរបស់អាម៉េរិកមិនមែនជាការសម្រេចចិត្តត្រឹមត្រូវទេ ដោយមានរឿងជាច្រើនដែលត្រូវបានធ្វើឡើងតាមរយៈអង្គការសុខភាពពិភពលោក ដែលផ្តល់អត្ថប្រយោជន៍ដល់សហរដ្ឋអាម៉េរិក ហើយមានតែអង្គការសុខភាពពិភពលោកទេដែលធ្វើ ជាពិសេសបញ្ហាសន្តិសុខសុខភាព។ លោកសង្គត់ធ្ងន់ថា សហរដ្ឋអាម៉េរិកមិនអាចមានសុវត្ថិភាពបានទេ បើមិនសហការជាមួយអង្គការសុខភាពពិភពលោក៕