681 ezgif.com resize
Swift cc time

អាម៉េរិកបញ្ជូននាវានិងយន្តហោះចម្បាំងរាប់សិបគ្រឿងឆ្ពោះទៅកាន់អ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសនៅក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្រោយចប់ប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ ថាពេលនេះកងកម្លាំងសហរដ្ឋអាម៉េរិករួមមាននាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿងកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ លោកថាលោកមិនទាន់ហានធានាទេថាអាម៉េរិកនឹងមិនប្រើប្រាស់កងកម្លាំងដែលកំពុងតែបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ង់។ ការសម្រេចចិត្តរបស់លោកត្រាំបញ្ជូនទាហាន និងនាវាចម្បាំងទៅអ៊ីរ៉ង់នេះធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីមានការព្រមាន និងគំរាមគំហែងដល់សុវត្ថិភាពលោក និងសហរដ្ឋអាម៉េរិកពីអ៊ីរ៉ង់។

ថ្លែងក្នុងយន្តហោះ AIR FORCE ONE ក្នុងដំណើរត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ លោក ដូណាល់ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាពេលនេះ «កងនាវាចម្បាំង»របស់សហរដ្ឋអាម៉េរិករាប់សិបគ្រឿងកំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។លោកត្រាំសង្ឃឹមថាលោកនឹងមិនចាំបាច់ប្រើប្រាស់នាវាចម្បាំង និងយន្តហោះចម្បាំងនោះទេ «យើងមានកប៉ាល់ជាច្រើនកំពុងធ្វើដំណើរទៅទិសដៅនោះ ក្នុងករណីផ្ទុះអាវុធ ខ្ញុំមិនចង់ឃើញរឿងនោះទេ ប៉ុន្តែយើងកំពុងតាមដានអ៊ីរ៉ង់យ៉ាងដិតដល់។

មន្ត្រីអាម៉េរិក ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងនាវាពិឃាតមីស៊ីលជាច្រើនគ្រឿង នឹងទៅដល់មជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតក៏កំពុងត្រូវបានរៀបចំដំឡើងក្នុងតំបន់មជ្ឈិមបូព៌ាផងដែរក្នុងការការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងតំបន់។

មន្រ្តីដដែលបញ្ជាក់ទៀតថាការដាក់ពង្រាយនេះគឺដើម្បីពង្រីកជម្រើសដែលមានសម្រាប់លោក ត្រាំ ទាំងដើម្បីការពារកងកម្លាំងអាម៉េរិកឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់នៅពេលមានភាពតានតឹង និងដើម្បីចាត់វិធានការយោធាបន្ថែមណាមួយប្រសិនបើត្រូវបានវាយប្រហារ៕

Khcct banner

អត្ថបទទាក់ទង