681 ezgif.com resize
Swift cc time

អតីតមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងភរិយា ត្រូវបានចោទប្រកាន់ពីបទលាងលុយប្រហែល ៥៤ម៉ឺនដុល្លារអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

កូឡាឡាំពួ៖ អតីតមេបញ្ជាការកងទ័ពជើងគោក ម៉ាឡេស៊ី លោក Muhammad Hafizuddeain Jantan វ័យ ៥៨ ឆ្នាំ និងភរិយា អ្នកស្រី Salwani Anuar អាយុ វ័យ ២៦ ឆ្នាំ ត្រូវតុលាការចោទប្រកាន់នៅថ្ងៃ២២ មករា នេះពាក់ព័ន្ធនឹងបទលាងលុយជិត ២.២លាន រីងហ្គីត រូបិយបណ្ណម៉ាឡេស៊ី (ប្រហែល ៥៤៣,០០០ ដុល្លារអាម៉េរិក)។ ពួកគេទាំងពីរត្រូវបានចោទប្រកាន់ចំនួន៤ ករណី ក្រោមច្បាប់ប្រឆាំងអំពើលាងលុយ និងហិរញ្ញវត្ថុប្រឆាំងអំពើភេរវកម្ម តែអ្នកទាំងពីរបានបដិសេធមិនទទួលស្គាល់នូវការចោទប្រកាន់នេះ។ តាមឯកសាររបស់តុលាការ លោក Muhammad Hafizuddeain ត្រូវបានចោទថាទទួលប្រាក់ចំនួនប្រហែល ២.១ លាន រីងហ្គីត (៥១៩.៩៩៥.២៨ ដុល្លារ) ខណៈ អ្នកស្រី Salwani ត្រូវបានចោទថាទទួលប្រាក់ប្រហែល ៧៧,០០០ រីងហ្គីត (១៩,០៦៦ដុល្លារ)។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មាធិការប្រឆាំងអំពើពុករលួយ ប្រទេសម៉ាឡេស៊ី។

យោងតាមគណៈកម្មាធិការប្រឆាំងអំពើពុករលួយ ប្រទេសម៉ាឡេស៊ី ប្រសិនបើអ្នកទាំងពីរត្រូវបានកាត់ទោស ពួកគេអាចប្រឈមជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ និងរងការពិន័យយ៉ាងហោចណាស់ ៥ ដងនៃចំនួនទឹកប្រាក់ខុសច្បាប់ដែលពួកគេបានទទួល និងអាចដល់ចំនួន ៥ លាន រីងហ្គីត ។ គណៈកម្មាធិការប្រឆាំងអំពើពុករលួយ ក៏បានប្រកាសថា លោក Hafizuddeain និង ភរិយា នឹងប្រឈមមុខនឹងបទចោទប្រកាន់បន្ថែមនៅតុលាការពិសេស ខណៈអតីតមេកងកម្លាំងប្រដាប់អាវុធ លោក Nizam Jaffar នឹងត្រូវបានចោទប្រកាន់ពីបទរំលោភសេចក្ដីទុកចិត្ត និងអំពើពុករលួយ។

គួរកត់សម្គាល់ថា លោក Hafizuddeain ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ព ក្នុងខែកញ្ញា ឆ្នាំ២០២៣ ហើយក្រោយមកត្រូវបានផ្អាកការតែងតាំងជាមេកងកម្លាំងប្រដាប់អាវុធថ្នាក់ជាតិ ដោយសារស្ថិតក្រោមការស៊ើបអង្កេតករណីពុករលួយ។ អ្នកទាំងពីរត្រូវបានផ្តល់សិទ្ធិឱ្យដាក់ប្រាក់ធានា ចំនួន ២៥០,០០០ រីងហ្គីត (ជាង ៦ម៉ឺនដុល្លារ) និងភរិយាត្រូវបង់ ៣០,០០០ រីងហ្គីត (៧ពាន់ដុល្លារ) និងរាយការណ៍ប្រចាំខែទៅកាន់គណៈកម្មាធិការប្រឆាំងអំពើពុករលួយ (MACC)៕

Khcct banner

អត្ថបទទាក់ទង