ភ្នំពេញ៖ កម្ពុជា-ហុងកុង ប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោក Leung Kwan Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយន៍ នៃការិយាល័យពាណិជ្ជកម្មប្រចាំនៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (Hong Kong Trade Development Council-HKTDC) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
នាឱកាសនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងទិសដៅអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងកិច្ចពិភាក្សាពីលទ្ធភាពពង្រឹងការផ្លាស់ប្ដូរអត្ថប្រយោជន៍ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងចំណេះដឹងបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានស្វាគមន៍ចំពោះការចាប់អារម្មណ៍ និងគោលបំណងសហការរបស់ភាគីហុងកុង ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយបានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបន្តពង្រឹងសេវាសុខភាពបឋមនៅតំបន់ដាច់ស្រយាល ពង្រឹងការធ្វើអភិបាលកិច្ច ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ ភាគីតំណាង Hong Kong Trade Development Council បានបង្ហាញពីសក្ដានុពល បទពិសោធន៍ និងតួនាទីរបស់ហុងកុង ក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងការតភ្ជាប់ដៃគូ ការផ្លាស់ប្តូរបច្ចេកទេស និងការស្វែងរកឱកាសសហការថ្មីៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា៕