កំពង់ធំ៖ អូស្រ្តាលី-កម្ពុជា នាថ្ងៃទី២១ មករា បានពង្រីកការផ្គត់ផ្គង់ទឹកស្អាតដែលធន់នឹងអាកាសធាតុ និងពង្រឹងភាពធន់សហគមន៍ទៅនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត ដល់ពលរដ្ឋចំនួន ១០.០០០ នាក់នៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ។
ស្ថានទូតអូស្ត្រាលី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានសម្ពោធដាក់ឱ្យដំណើរការស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មី ដែលធន់នឹងអាកាសធាតុ នៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅដល់ប្រជាពលរដ្ឋជាង ១០.០០០ នាក់។
ស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ រួមទាំងដល់សាលារៀនចំនួន៤ និងមណ្ឌលសុខភាពចំនួន១ មូលដ្ឋាន នៅក្នុង ៧ ភូមិ ដែលរួមចំណែកដល់ គោលដៅរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រឹងភាពធន់សហគមន៍ទៅនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត៕