រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថារុស្ស៊ីនឹងយល់ព្រមតាមសំណើររបស់អាម៉េរិកដែលអញ្ជើញរុស្ស៊ីធ្វើជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិភាពនៅក្នុងតំបន់ហ្គាហ្សាដែលជាថ្នូនឹងទទួលបានកៅអីអចិន្ត្រៃយ៍ត្រូវបង់លុយប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ លោកពូទីនប្រាប់ត្រាំវិញថាអាម៉េរិកអាចកាត់កងលុយដែលខ្លួនបង្កកទ្រព្យសម្បត្តិរុស្ស៊ីបានក្នុងជំនាន់លោក ចូ បៃដិន ហើយលុយនៅសល់ប៉ុន្មានទៀតអាចយកទៅកសាងតំបន់ដែលរងការខូចខាតបានប្រសិនបើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនធ្វើបានសម្រេចពិតប្រាកដ។
បើតាមលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកដល់គំនិតផ្តួចផ្តើម «ក្រុមប្រឹក្សាសន្តិភាព» របស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។ លោកបានស្នើឱ្យបរិច្ចាគប្រាក់ចំនួន ១ ពាន់លានដុល្លារដល់ស្ថាប័នថ្មីនេះដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនៅសហរដ្ឋអាម៉េរិកអាចកាត់កងគ្នាបាន ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃតំបន់ប៉ាឡេស្ទីន។
សម្រាប់លោកពូទីនចំនួនទឹកប្រាក់អាចត្រូវបានកាត់កងចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដោយរដ្ឋបាលរបស់លោក ចូ បៃដិន ហើយទីក្រុងមូស្គូតែងតែគាំទ្រ និងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងណាមួយដែលមានគោលបំណងពង្រឹងស្ថិរភាពអន្តរជាតិ។
គួរកត់សម្គាល់ថាគំនិតផ្តួចផ្តើមក្រុមប្រឹក្សាអន្តរជាតិថ្មីមួយនេះគឺ ដើម្បីគ្រប់គ្រងមូលនិធិ សន្តិសុខ និងការសម្របសម្រួលនយោបាយនៅក្នុងតំបន់ហ្គាហ្សា ក្នុងអំឡុងពេលអន្តរកាល បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាសចូលជាផ្លូវការកាលពីឆ្នាំមុននេះ៕