ហាណូយ៖គណកម្មការប្រជាជនវៀតណាម ក្រុងហាណូយ បានអនុម័តផែនការជំរុញកំណើនប្រជាជនថ្មីដោយផ្តល់ការលើកទឹកចិត្តពលរដ្ឋវ័យក្មេងវៀតណាម ដែលគ្រប់អាយុ ឆាប់រៀបការ និងមានកូន ដើម្បីសម្រេចគោលដៅអភិវឌ្ឍកំណើនចំនួនប្រជាជនទីក្រុងហាណូយឆ្នាំ២០២៦។ ផែនការនេះ នឹងពង្រឹងគុណភាពធនធានមនុស្ស និង បង្កើនការថែទាំសុខភាពមនុស្សចាស់ ក្នុងស្ថានភាពដែលមនុស្សវ័យចាស់មានការកើនឡើង។នេះបើយោងតាមកាសែត វៀតណាម Tuoi Tre News។
យោងតាមប្រភពដដែល បានរាយការណ៍ថា ដើម្បីសម្រេចគោលដៅទាំងនេះ រដ្ឋបាលទីក្រុងហាណូយរបស់វៀតណាម នឹងពង្រឹងយុទ្ធនាការផ្សព្វផ្សាយ បង្កើតកម្មវិធីផ្តោតលើយុវជន និង លើកទឹកចិត្តឱ្យគូស្វាមីភរិយាមានកូន ឱ្យបានមុនអាយុ៣៥ ឆ្នាំ និង ប្រកាសផ្តល់ជំនួយ និង លិខិតសរសើរ ដល់គ្រួសារដែលអនុវត្តតាមគោលនយោបាយនេះ។
សម្រាប់ផែនការឆ្នាំ ២០២៦ គឺផ្ដោតលើ ការបង្កើនអត្រាកំណើត ០.៤ ក្នុងមួយពាន់ បើប្រៀបធៀបនឹងឆ្នាំ ២០២៥ និង ការសម្រេចបាននូវអត្រាអាយុរស់នៅជាមធ្យម (Average Life Expectancy) ទៅដល់ ៧៦.៨ ឆ្នាំ និង ធានាថា ៩១ ភាគរយនៃ មនុស្សវ័យចាស់ ទទួលបានការត្រួតពិនិត្យសុខភាពទៀងទាត់។ការកើនអត្រាកំណើត ០.៤ ក្នុងមួយពាន់ មានន័យថា ប្រសិនបើមានប្រជាជន ១០០០ នាក់ ក្នុងឆ្នាំ ២០២៥ មានអត្រាកំណើតចំនួន១៤ ដូច្នេះ នៅឆ្នាំ ២០២៦ គោលដៅគឺឱ្យមានអត្រាកំណើត ចំនួន១៤.៤ ក្នុងចំណោម១០០០នាក់ជាមធ្យម។
ផែនការនេះក៏ផ្តោតលើការត្រួតពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងទារកទើបកើត ដើម្បីពិនិត្យរកជំងឺមានពិការភាព និងជំងឺពីកំណើតសំខាន់ៗផ្សេងទៀត ព្រមទាំងកំណត់គោលដៅបង្កើនកម្ពស់ជាមធ្យមសម្រាប់យុវជនអាយុ ១៨ ឆ្នាំ តាមរយៈការផ្តល់ការប្រឹក្សាសុខភាពមុនរៀបការ និងការបង្កើនការប្រើប្រាស់វិធីកំណត់ការបង្កកំណើតបែបទំនើប៕