វ៉ាស៊ីនតោន៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះបានចេញការព្រមានសារជាថ្មីម្តងទៀតទៅកាន់ប្រទេសអ៊ីរ៉ង់ថា ប្រទេសអ៊ីរ៉ង់នឹងត្រូវលុបបាត់ចេញពីផែនទីពិភពលោកប្រសិនបើពិតជាហានលួចធ្វើឃាតលោក រឺ ប្រធានាធិបតីសហរដ្ឋអាម៉េរិកណាម្នាក់។ ការព្រមានរបស់លោកនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីរ៉ង់បានព្រមានចង់ធ្វើឃាតរូបលោក ដោយអ៊ីរ៉ង់បានបញ្ជាក់ថាលើកនេះនឹងបាញ់មិនឲ្យខុសដូចលើកមុនឡើយ ន័យនេះអ៊ីរ៉ង់សំដៅទៅកាន់លោកត្រាំដែលត្រូវបានគេលួចធ្វើឃាតជាច្រើនដងកំឡុងពេលយុទ្ធនារការបោះឆ្នោតកាលពីឆ្នាំមុននេះ។
ថ្លែងនៅក្នុងបទសម្ភាស៍ផ្តាច់មុខជាមួយ NEWSNATION ជាមួយនឹងលោកស្រី ខេធី ប៉ាវលីច សួរថាតើលោកនឹងឆ្លើយតបបែបណាចំពោះការគំរាមគំហែងសុវត្ថិភាពរបស់លោកពីអ៊ីរ៉ង់ លោកត្រាំបានឆ្លើយច្បាស់ៗ អ៊ីរ៉ង់នឹងត្រូវលុបបំបាត់ចេញពីផែនដីនេះប្រសិនបើទីក្រុងតេអេរ៉ង់ប៉ុនប៉ងធ្វើឃាតើលោក រឺ ប្រធានាធិបតីសហរដ្ឋអាម៉េរិកណាម្នាក់។ លោកត្រាំបានប្រាប់លោកស្រីខេធី ប៉ាវលីច ថា ខ្ញុំចង់បញ្ជាក់ឲ្យកាន់តែច្បាស់ថាអ្វីក៏ដោយកើតឡើងលើសហរដ្ឋអាម៉េរិក អ៊ីរ៉ង់នឹងលុបចោលចេញពីផែនដីនេះ។
គួរកត់សម្គាល់ថាអ៊ីរ៉ង់ក៏ធ្លាប់បានព្រមានទៅសហរដ្ឋអាម៉េរិកវិញដែលថាប្រសិនបើអាម៉េរិកពិតជាហានប៉ះពាល់ រឺ តាមប្រមាញ់មេដឹកនាំកំពូលរបស់ខ្លួនគឺលោក អាលី ខាមេនី ពិតប្រាកដមែននោះគឺជាការប្រកាសសង្រ្គាមដោយផ្ទាល់ជាមួយនឹងអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ផ្ទាល់ក៏មិនស្ទាក់ស្ទើរក្នុងការឆ្លើយតប និងវាយប្រហារវិញឡើយ៕