ចិន៖ ប្រទេសចិន នៅថ្ងៃ១៩មករា បានបាញ់រ៉ុក្កែត Long March-12 ពីខេត្តហៃណាន ដើម្បីដឹកផ្កាយរណបអ៊ីនធឺណែតជាក្រុមចូលទៅក្នុងទីលំហ។ រ៉ុក្កែតបានចេញដំណើរនៅនាទី ១៥:៤៨ ពីទីតាំងបាញ់ផ្កាយរណបពាណិជ្ជកម្ម ខេត្តហៃណាន។ ផ្កាយរណបនេះ ស្ថិតនៅក្រុមទី១៩ ដែលមានបច្ចេកវិទ្យាទំនើបៗជាច្រើន និងត្រូវបានប្រកាសថាបានចូលទៅក្នុងគន្លងកំណត់បានដោយជោគជ័យ។
តាមកាសែតចិន CCTV ផ្កាយរណបនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន GalaxySpace នៅទីក្រុងប៉េកាំង ដែលជាក្រុមហ៊ុនឯកជនមួយរបស់ប្រទេសចិន ដែលចូលរួមក្នុងការបង្កើតបណ្តាញផ្កាយរណបស្រដៀងគ្នាទៅនឹង បណ្តាញផ្កាយរណប Starlink របស់សេដ្ឋីអាម៉េរិក អេឡន ម៉ាស់ ។ បណ្តាញផ្កាយរណបប្រភេទ Starlink-style satellite networks គឺជា បណ្តាញផ្កាយរណបអ៊ីនធឺណិតជាច្រើនពាន់ ដែលបាញ់ចូលទៅក្នុងគន្លងទាប (Low Earth Orbit – LEO) ដើម្បីផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន និងគ្របដណ្តប់ទូទាំងពិភពលោក នេះក៏ជាលើកទីពីរដែលក្រុមហ៊ុនបានអនុវត្តគម្រោងអវកាសប្រភេទនេះ។
បើតាមលោក ចេង មីង ប្រធានរោងចក្រផ្កាយរណបឆ្លាតវៃរបស់ ក្រុមហ៊ុន GalaxySpace បានបញ្ជាក់ថា នេះជាសមិទ្ធផល ក្នុងការដំណើរការឌីជីថលពេញលេញជាលើកដំបូង ដោយមានការធ្វើតេស្តស្វ័យប្រវត្តិ ការតំឡើងឆ្លាតវៃ និងការត្រួតពិនិត្យ ដែលជួយបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់អ៊ីនធឺណែតកាន់តែលឿន និងងាយស្រួលជាមុខ។
រ៉ុក្កែត Long March-12 គឺជាឧបករណ៍ម៉ូដែលថ្មីរបស់ចិន ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងមានសមត្ថភាពដឹកទំនិញយ៉ាងហោចណាស់ ១២ តោន (១២,០០០គីឡូក្រាម) ទៅគន្លងទាប និង ៦ តោន (៦ពាន់គីឡូ) ទៅគន្លងព្រះអាទិត្យនៅរយៈកម្ពស់ ៧០០ គីឡូម៉ែត្រ។ បន្ថែមពីនេះ វាអាចជួយក្នុងការបាញ់ផ្កាយរណបតែមួយ និងជាក្រុមទៅគន្លងផ្សេងៗបាន បង្ហាញពីសមត្ថភាពបច្ចេកវិទ្យាថ្មីសម្រាប់ការអភិវឌ្ឍអវកាសរបស់ចិន៕