អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃអង្គារ បានគំរាមដាក់ពន្ធ ២០០% លើការនាំចូលស្រា និងស្រាសំប៉ាញរបស់ប្រទេសបារាំង។ ការគំរាមរបស់លោកត្រាំធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង ត្រូវបានគេរាយការណ៍ថាមិនព្រមចូលរួម "ក្រុមប្រឹក្សាសន្តិភាព" របស់លោកលើតំបន់ហ្គាហ្សា ដោយការចូលរួមដើម្បីក្លាយជាសមាជិកអចិន្ត្រៃយ៍នោះត្រូវបង់លុយប្រមាណ ១ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។
យោងតាមសេចក្តីរាយការណ៍របស់ CNBC នៅពេលដែលអ្នកយកព័ត៌មានម្នាក់នៅទីក្រុង Miami បានសួរអំពីជំហររបស់លោក ម៉ាក្រុង ក្នុងការមិនចូលរួមតាមការអញ្ជើញរបស់លោកត្រាំក្នុងក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្គាហ្សា លោកត្រាំបានបង្ហាញការខឹងសម្បារ និងប្រាប់ទៅក្រុមអ្នកកាសែតវិញថា លោកនឹងប្រើប្រាស់ទណ្ឌកម្មពាណិជ្ជកម្មលើប្រទេសបារាំង។
សម្រាប់លោកត្រាំ គ្មាននរណាម្នាក់ចង់បានម៉ាក្រុងទៀតនោះទេ ព្រោះលោកនឹងចាកចេញពីតំណែងឆាប់ៗនេះខាងមុខនេះ លោកបន្តទៀតថាដូច្នេះអ្នកដឹងទេ អ្វីដែលខ្ញុំនឹងធ្វើគឺ ប្រសិនបើពួកគេមានអារម្មណ៍ថាមិនពេញចិត្តជាមួយ ខ្ញុំនឹងដាក់ពន្ធ ២០០% លើស្រា និងស្រាសំប៉ាញរបស់បារាំង៕