681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងអប់រំ សាទរបេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលការពារនិក្ខេបបទបានជោគជ័យ លើជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរចំពោះបេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលបានការពារនិក្ខេបបទនេះដោយជោគជ័យ មុខជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ក្រសួងរំពឹងថា លទ្ធផលនៃការស្រាវជ្រាវនេះ បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបណ្តុះជំនាញវិភាគ និង ការដោះស្រាយបញ្ហា ដូចដែលបានអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មីជាដើម។

ការសាទរនេះ ធ្វើឡើងក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត (Final Defense of PhD Dissertation) របស់បេក្ខជនបណ្ឌិត អ៊ុង បូរាត មុខជំនាញ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ពិធីរៀបចំឡើងដោយមាន បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត លើប្រធានបទ "ការកសាងប្រព័ន្ធរង្វាយតម្លៃការសិក្សារបស់សិស្សប្រកបដោយសង្គតិភាព ដើម្បីគាំទ្រការអនុវត្តការអប់រំផ្អែកលើសមត្ថភាពក្នុងបរិបទការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា" ដោយបេក្ខជនបណ្ឌិត អ៊ុង បូរាត និង មានការចូលរួមពីសំណាក់ បណ្ឌិត លី ឆេង ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានគណៈកម្មការវាយតម្លៃការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិត។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការសិក្សានេះផ្តោតលើការផ្លាស់ប្តូរប្រព័ន្ធវាយតម្លៃរបស់កម្ពុជាឱ្យស្របតាមការអប់រំផ្អែកលើសមត្ថភាព (Competency-Based Education - CBE)។ ទោះបីកម្ពុជាមានទិន្នន័យវាយតម្លៃអន្តរជាតិ (ដូចជា SEA-PLM និង PISA) ក៏ដោយ ប៉ុន្តែការស្រាវជ្រាវអំពីរបៀបប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីកែលម្អការបង្រៀននៅកម្រិតសាលានៅមានកម្រិត។ គោលបំណងចម្បងនៃការសិក្សាគឺ៖ (១). ពិនិត្យមើលការអនុវត្តការវាយតម្លៃការសិក្សារបស់សិស្សនាពេលបច្ចុប្បន្ន (២). វិភាគលើគម្លាតរវាងគោលនយោបាយ និងការអនុវត្តជាក់ស្តែង (៣). ដកស្រង់បទពិសោធន៍ល្អៗពីសាលាដែលមានប្រសិទ្ធភាពខ្ពស់ (៤). រៀបចំក្របខ័ណ្ឌប្រព័ន្ធវាយតម្លៃដែលស៊ីចង្វាក់គ្នាដើម្បីគាំទ្រដល់ CBE។

ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះបេក្ខជនបណ្ឌិត ដែលបានខិតខំប្រឹងប្រែង សម្រេចបាននូវការសិក្សាស្រាវជ្រាវដ៏មានសារៈសំខាន់នេះ ដោយនិក្ខេបបទនេះបានផ្តល់នូវទស្សនៈវិស័យយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើដំណើរការកែទម្រង់វិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈការរំលេចឱ្យឃើញនូវសមិទ្ធផល និងបញ្ហាប្រឈមនានានៃប្រព័ន្ធរង្វាយតម្លៃការសិក្សានាពេលបច្ចុប្បន្ន។ ការសិក្សានេះពិតជាមានភាពពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងអាទិភាពគន្លឹះរបស់ក្រសួងអប់រំ ក្នុងការផ្លាស់ប្តូរពីការវាយតម្លៃដែលផ្តោតខ្លាំងតែលើចំណេះដឹងខ្លឹមសារ និងការចងចាំសម្រាប់ការប្រឡង ទៅជាការវាយតម្លៃដែលជាផ្នែកមួយមិនអាចខ្វះបាននៃសកម្មភាពបង្រៀន និងរៀនប្រចាំថ្ងៃ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះបេក្ខជនបណ្ឌិត អ៊ុង បូរាត ដែលបានការពារនិក្ខេបបទនេះដោយជោគជ័យ ដោយលទ្ធផលនៃការស្រាវជ្រាវនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការបណ្តុះជំនាញវិភាគ និងការដោះស្រាយបញ្ហា ដូចដែលបានអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មីជាដើម។សម្រាប់រដ្ឋមន្ត្រីក្រសួងអប់រំ កិច្ចការស្រាវជ្រាវនេះមិនត្រឹមតែបង្ហាញពីជម្រៅនៃចំណេះដឹងរបស់បេក្ខជន ក៏ដូចជាការយល់ដឹងច្បាស់លាស់អំពីការវិវត្តនៃវិស័យអប់រំនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អ្នករៀបចំគោលនយោបាយ ក្នុងការកសាងប្រព័ន្ធរង្វាយតម្លៃការសិក្សាមួយដែលស៊ីចង្វាក់គ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាក្នុងយុគសម័យថ្មី៕


Khcct banner

អត្ថបទទាក់ទង