ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានសាទរចំពោះសេចក្ដីសម្រេចរបស់ធនាគារជាតិនៃកម្ពុជា ចំពោះការលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ ដល់សាខាស្រុករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅតាមបណ្ដាខេត្តមួយចំនួន ដែលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានថៃ។ អ្នកជំនាញថា ការសម្រេចនេះនឹងជួយសម្រាលបន្ទុកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីឱ្យគ្រឹះស្ថានទាំងពីរអាចបន្តជួយសម្រាលបន្ទុកដល់ប្រជាពលររដ្ឋជាជនភៀសសឹក ក៏ដូចជាទាហានជួរមុខកម្ពុជា។
លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សេចក្ដីសម្រេចរបស់ធនាគារជាតិ នឹងធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ដូចជាគ្រឹះស្ថានធនាគារ អាចកាត់បន្ថយចំណាយបានខ្លះទៅលើសោហ៊ុយអាជ្ញាបណ្ណសម្រាប់ប្រតិបត្តិការនៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះជាការបង្ហាញការចូលរួមរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីសម្រាលបន្ទុកដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីឱ្យគ្រឹះស្ថានទាំងពីរអាចបន្តជួយសម្រាលបន្ទុករបស់ប្រជាពលររដ្ឋជាជនភៀសសឹក ក៏ដូចជាទាហានជួរមុខកម្ពុជាផងដែរ។
«សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមសាទរចំពោះសេចក្ដីសម្រេចនេះ ដែលបានបង្ហាញពីស្មារតីចូលរួមសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជា ទាំងវិស័យរដ្ឋនិងឯកជន ដើម្បីសម្រាលបន្ទុកដល់ជនភៀសសឹក និងយោធិនកម្ពុជាដែលកំពុងពលីការពារទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ។» នេះជាការបញ្ជាក់របស់លោក កាំង តុងងី។
ជាមួយគ្នានេះ លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា នេះគឺជាដំណឹងដ៏ល្អ និងជាការបង្ហាញនូវការជួយចែករំលែក និងមានសារៈសំខាន់ ដែលធនាគារជាតិនៃកម្ពុជា ផ្តល់ការលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សម្រាប់ធនាគារដែលមានសាខានៅតាមតំបន់ឬស្រុក និងខេត្តដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។
លោកបន្តថា សមាគមធនាគារនៅកម្ពុជា ថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលតែងតែជួយគាំទ្រដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសក្នុងស្ថានភាពលំបាកនេះ។ សេចក្តីសម្រេចនេះលើការលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ បានជួយសម្រួលមួយផ្នែកដល់គ្រឹះស្ថានលើការចំណាយលើថ្លៃប្រតិបត្តិការនៅតាមសាខា នៃតំបន់ ឬក្រុងស្រុក ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ បន្ថែមលើនេះ តាមរយៈសេចក្តីសម្រេចនេះ បានជួយសម្រាលបន្ទុកធនាគារបន្តការផ្តល់ការគាំទ្រដល់ជនភៀសសឹក និង ទាហានដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
«គិតមកទល់ពេលនេះ គ្រឹះស្ថានធនាគារដែលមានសាខានៅតាមតំបន់ឬស្រុក និងខេត្តដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ បានបើកដំណើរការឡើងវិញអស់ហើយ។ ប៉ុន្តែគ្រឹះស្ថានហិរញ្ញវត្ថុបានជួបផលលំបាកមួយចំនួនដូចជា ក្នុងកំឡុងពេលប៉ះទង្គិចគ្នា មានសាខាខ្លះរងការខូចខាតបន្តិចបន្តួចដោយសារគ្រប់ផ្លោង មិនអាចបើកទទួលអតិថិជនបានពេញលេញ ព្រោះប្រជាជននៅតំបន់មួយចំនួន មិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានវិញបាន ប្រជាពលរដ្ឋមិនទាន់ដំណើរការមុខរបរ ឬអាជីវកម្មបានពេញលេញនៅឡើយ ម្យ៉ាងទៀតកម្ចីដែលសងយឺតយ៉ាវក៏មានការកើនឡើង។» នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា។
អ្នកនាំពាក្យរូបនេះបន្តថា ទោះជាយ៉ាងណាក៏ដោយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបាននឹងកំពុងអនុវត្តតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់យោធិនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងរៀបចំឥណទានឡើងវីញជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ពីការឈ្លានពាននេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីសម្រេចលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សម្រាប់សាខាស្រុករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដើម្បីសម្រាលបន្ទុកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការវាយប្រហាររបស់យោធាថៃតាមព្រំដែន៕