ភ្នំពេញ៖ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួង និង ភាគីពាក់ព័ន្ធ ខណៈដែលឱកាសការងារនៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។
ក្នុងការទទួលបានឱកាសការងារប្រមាណ៦២ម៉ឺននាក់ មានជាង៣០ម៉ឺនឱកាសការងារ គឺទទួលបានរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោក ស៊ុន មេសា ថា៖ “ក្រសួងដាក់ចេញវិធានការសំខាន់ៗចំនួន៤ដំណាក់កាលដែលក្រសួងបានដាក់ចេញចាប់តាំងពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥តាំងពីការទទួលពលករនៅតាមបន្ទាត់ព្រំដែនរហូតដល់គេហដ្ឋានរបស់អតីតពលករដើម្បីផ្តល់ឱកាសការងារ និងដើម្បីដោះស្រាយបញ្ហាជីវភាពរបស់បងប្អូនអតីតពលលករ ក្រសួងបានរៀបចំវេទិកាការងារ ក៏ដូចជា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៥៧៩លើកនៅតាមភូមិឃុំក្នុងខេត្តសំខាន់ៗតាមគោលដៅសំខាន់ៗ”។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ បានអះអាងថា វិស័យឧស្សាហកម្ម កសិកម្ម-កសិឧស្សាហកម្ម និងសេវាកម្ម គឺជាវិស័យដែលបានស្រូបកម្លាំងពលកម្មច្រើនជាងគេ។ ក្រៅពីឱកាសការងារជាង៦២ម៉ឺននាក់ អតីតពលកររាប់សិបម៉ឺននាក់ផ្សេងទៀត បានងាកទៅប្រកបរបរកសិកម្មតាមគ្រួសារ និងបង្កើតមុខរបរតូចតាចនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា គិតត្រឹមខែធ្នូឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋនិងអតីតពលករប្រមាណ ជាង៩៥ម៉ឺននាក់បានវិលត្រឡប់មកកម្ពុជាវិញក្រោយអរិយភាពតាមព្រំដែនរវាងកម្ពុជា និងថៃ។ លោក ស៊ុន មេសា បានអំពាវនាវដល់អតីតពលករដទៃទៀតដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកជាជាងការប្រថុយប្រថានធ្វើការចំណាកស្រុកនៅប្រទេសថៃដែលមិនមានអត្ថប្រយោជន៍ដ៏សម្បូរបែបដូចនៅកម្ពុជានោះទេ៕