ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរចិនច្រើនជាង ១,១ លាននាក់ កំណើននេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦នេះ ក្រោយកម្ពុជា Free Visa សម្រាប់ភ្ញៀវទេសចរចិននៅពាក់កណ្ដាលឆ្នាំនេះ។ ប្រធានមគ្គុទេសក៍ទេសចរណ៍ភាសាចិន បានសាទរចំពោះវិធានការនេះ និងបានចាត់ទុកថាជាកាដូដ៏ធំសម្រាប់ក្រុមមគ្គុទេសក៍របស់ពួកគាត់ តែក៏បានស្នើសុំឱ្យរាជរដ្ឋាភិបាលបន្តរឹតបន្ដឹងចំពោះជនជាតិចិនណាដែលមានបំណងមិនល្អ។
លោក អនហេង សុភ័ក្រ ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បានប្រាប់ស៊ីសីថាមស៍ថា ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិនដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់១៥ ខែតុលា ឆ្នាំ២០២៦ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់ក្រុមមគ្គុទេសក៍ទេសចរណ៍ភាសាចិន និងអ្នកនៅក្នុងវិស័យទេសចរណ៍ភាសាចិន។ លោកពិតជាមានការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចលើកលែងទិដ្ឋការចំពោះភ្ញៀវទេសចរជនជាតិចិនមកកាន់កម្ពុជា ហើយក៏ជាការទន្ទឹងរងចាំជាយូររបស់ក្រុមមគ្គុទេសក៍ទេសចរណ៍ភាសាចិន និងក្រុមការងារពាក់ព័ន្ធក្នុងទីផ្សារទេសចរចិនទាំងអស់។
«ភ្ញៀវទេសចរចិនជាភ្ញៀវទេសចរមួយដែលសំខាន់ និងមានចំនួនច្រើននៅកម្ពុជា ហើយការមកដល់របស់ទេសចរចិនពិតជាបានរួមចំណែកដល់វិស័យទេសចរណ៍កម្ពុជា និងបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសបានបង្កើនប្រាក់ចំណូលដែលរួមចំណែកដល់ការគាំទ្រជីវភាពរស់នៅរបស់បងប្អូនក្រុមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា ក៏ដូចជាជួយទ្រទ្រង់ដល់សេដ្ឋកិច្ចមូលដ្ឋានរបស់បងប្អូនក្នុងខេត្តសៀមរាបផ្ទាល់ ដែលជាតំបន់ទេសចរណ៍ដ៏មានភាពទាក់ទាញរបស់កម្ពុជា។» នេះបើតាមប្រសាសន៍ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា។
ប្រធានមគ្គុទេសក៍ទេសចរណ៍ភាសាចិនរូបនេះ សង្ឃឹមថា ការលើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិននាពេលខាងមុខនេះ នឹងធ្វើឱ្យមានកំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជាបានកាន់តែច្រើន ជាពិសេសនឹងអាចបង្កើនការងារអ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍ភាសាចិន និងអ្នកជំនាញផ្សេងៗទៀតក្នុងវិស័យទេសចរណ៍កម្ពុជា។ ទន្ទឹមនឹងកំណើនភ្ញៀវចិនឡើងវិញនេះ លោករំពឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងពង្រឹងការគ្រប់គ្រង ការត្រួតពិនិត្យឱ្យបានហ្មត់ចត់ ចំពោះភ្ញៀវទេសចរជនជាតិចិនណាដែលមានបំណងមិនល្អក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។
ជាក់ស្ដែង រយៈពេល១១ ខែ ឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត ៥,២ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនច្រើនជាង ១,១ នាក់ កើនឡើងជិត៤៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កំណើននេះនឹងរំពឹងទទួលបានជាបន្តបន្ទាប់នៅពេលអនុវត្តការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិននៅពាក់កណ្ដាលឆ្នាំ២០២៦នេះ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card ។ ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕