681 ezgif.com resize
Swift cc time

បក្សកុម្មុយនីស្តវៀតណាមផ្តើមដំណើរការមហាសន្និបាត ខណៈលោក តូ ឡាំ ត្រូវគេរំពឹងនឹងទទួលបានអំណាចកាន់តែរឹងមាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ តំណាងមន្ត្រីជាន់ខ្ពស់របស់គណបក្សកុម្មុយនិស្តវៀតណាម ប្រមាណជិត២០០០នាក់ នៅថ្ងៃទី ១៩ មករា បានមកជួបជុំគ្នា ដើម្បីបើកមហាសន្និបាតបក្សកុម្មុយនីស្តរយៈពេលមួយសប្តាហ៍ ដែលប្រារព្ធឡើងជារៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មី និង កំណត់គោលដៅគោលនយោបាយរបស់វៀតណាម។លោក តូ ឡាំ មានវ័យ ៦៨ឆ្នាំ ត្រូវបានគេរំពឹងថា អាចនឹងទទួលបានការកាន់អំណាចកាន់តែរឹងមាំ ទាំងក្នុងជួរបក្ស និង ប្រធានរដ្ឋវៀតណាម។

ដូចការគ្រោងទុកមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយនៅថ្ងៃនេះ នៅទីក្រុងហាណូយ ភាគខាងជើងប្រទេសវៀតណាម ដោយមានតំណាងមន្ត្រីជាន់ខ្ពស់បក្សប្រមាណ ១៦០០ នាក់ចូលរួម ជាមួយការរឹតបន្តឹងសន្តិសុខសុវត្តិភាពយ៉ាងល្អ។

មហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី ១៤នេះ ដឹកនាំដោយលោក តូ ឡាំ អគ្គលេខាធិការបក្ស អមជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមជាច្រើននាក់ ចាប់ផ្ដើមពីថ្ងៃ១៩ មករា នឹងគ្រោងបញ្ចប់នៅថ្ងៃទី ២៥ មករា ជាមួយការប្រកាសដាក់ចេញនូវផែនការកំណែទម្រង់គោលនយោបាយស៊ីជម្រៅសម្រាប់រយៈពេល៥ឆ្នាំទៅមុខ ដើម្បីសម្រេចនូវមហិច្ឆតាកំណើនសេដ្ឋកិច្ច និង សន្តិសុខជាតិ។

យោងតាមបណ្តាញផ្សព្វផ្សាយអន្តរជាតិនានា បានរាយការណ៍ថា លោក តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ត្រូវបានគេមើលឃើញថា កំពុងស្វែងរកការបង្រួបបង្រួមតួនាទីក្នុងបក្សជាមួយនឹងតំណែងប្រធានរដ្ឋរបស់វៀតណាម ដែលស្រដៀងគ្នាជាមួយរបបនយោបាយរបស់មហាអំណាចចិន។

លោកតូ ឡាំ បានឡើងកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម បន្ទាប់ពីលោក Nguyen Phu Trong ទទួលមរណភាពនៅក្នុងឆ្នាំ ២០២៤។រយៈពេលនៃការដឹកនាំរបស់លោក វៀតណាមបានកែទម្រង់ជាច្រើន ជាពិសេសប្រព័ន្ធដឹកនាំវៀតណាម ដោយកាន់បន្ថយមន្ត្រី និងបង្រួមក្រសួងស្ថាប័ន និង បោសសំអាតមន្ត្រីពុករលួយជាដើម។

សម្រាប់អ្នកជំនាញអន្តរជាតិ យល់ថា ការកំណែទម្រង់នេះ មេដឹកនាំវៀតណាមមានគោលដៅ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ ខណៈប្រទេសនេះ ដាក់ផែនការរបស់ខ្លួនចង់ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម មុននឹងហក់ចូលក្នុងចំណោមប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងរង្វង់ឆ្នាំ ២០៤៥៕

Khcct banner

អត្ថបទទាក់ទង