ភ្នំពេញ៖ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា - Digital Social Protection Platform (DSPP) ទទួលបានជ័យលាភី ពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026) ដែលបណ្តារដ្ឋមន្រ្តីឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោជាងគេ នៅក្នុងតំបន់អាស៊ាន។
បើតាមក្រុមប្រឹក្សាជាតិគាំពារសង្គម ពានរង្វាន់ឌីជីថលអាស៊ាននេះ ជាកម្មវិធីប្រកួតប្រជែងកម្រិតខ្ពស់បំផុត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព នៃដំណោះស្រាយឌីជីថល និងការត្រៀមលក្ខណៈសម្រាប់និន្នាការបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមបណ្តាប្រទេសជាសមាជិក ក៏ដូចនៅក្នុងតំបន់ទាំងមូល។
ក្នុងឆ្នាំ២០២៦នេះ ប្រទេសចំនួន ១១ បានចូលរួមប្រកួតប្រជែងលើប្រភេទពានរង្វាន់សំខាន់ៗចំនួន ៦ ហើយបណ្តាប្រទេសអាស៊ាននីមួយៗ បានដាក់ប្រកួតប្រជែងនូវស្នាដៃឌីជីថលដែលល្អបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ។ ឆ្លងកាត់ការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការក្នុងការផ្តល់ជ័យលាភី “ពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦” ជូន “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោដាច់គេ នៅក្នុងតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដាបច្ចេកវិទ្យា ក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា។
កត្តាគន្លឹះដែលនាំឱ្យដែលធ្វើឱ្យថ្នាលឌីជីថលនេះ ទទួលបានជ័យលាភី ពានរង្វាន់មាស គឺស្ថិតនៅលើការរៀបចំនិម្មាបនកម្ម ដែលផ្តោតលើប្រជាពលរដ្ឋជាគោល (Citizen-Centric Design), ការធ្វើអន្តរ-ប្រតិបត្តិការបែបមជ្ឈការផង និងវិមជ្ឈការផង (Hybrid Federated Interoperability), និងសមត្ថភាពក្នុងការឆ្លើយតបបាន ទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេល និងប្រកបដោយតម្លាភាព។
ជ័យលាភីពានរង្វាន់មាសនេះ ជាសក្ខីភាពដ៏មានតម្លៃវិសេសវិសាល ដែលបង្ហាញថា កម្ពុជា បាន និងកំពុងក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ លើការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហា និងលើកកម្ពស់ការអភិវឌ្ឍសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕