ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី ១៧ មករា បានរៀបចំប្រារព្ធសន្និបាតលើកទី១៧ ដើម្បីបង្ហាញជូនសមាជិកអំពីលទ្ធផលការងារសំខាន់ៗ ក្នុងអាណត្តិមុន (២០២៤–២០២៥) និង បោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិថ្មី។ជាលទ្ធផល លោក He Enjia ជាប់បោះឆ្នោតជាប្រធានថ្មី របស់សមាគម TAFTAC។
សន្និបាតលើកទី១៧របស់ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីសមាជិកជាច្រើនរូបទៀត។
សន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិដែលមានសមាជិកចំនួន ២៧រូប ដែលរួមមានប្រធាន១រូប អនុប្រធាន ៤រូប និង សមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន២២រូប។លោក He Enjia ជាប់បោះឆ្នោតជាប្រធានថ្មី របស់សមាគម TAFTAC។លោក នឹងដឹកនាំសមាគម TAFTAC សម្រាប់អាណត្តិទី១៧ មានរយៈពេល២ឆ្នាំ (២០២៦-២០២៨) បន្តពីអ្នកឧកញ៉ា គង់ សាន ដែលជាប្រធានសមាគ TAFTAC អាណត្តិទី១៦។
មុនជាប់ជាប្រធាន TAFTAC លោក He Enjia កាន់តំណែងជាអនុប្រធានសមាគម។ លោកជាបុគ្គលដែលមានភាពលេចធ្លោរម្នាក់ ក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកបានផ្លាស់ប្តូរពីប្រទេសចិន មករស់នៅកម្ពុជា ក្នុងឆ្នាំ១៩៩៦ ដោយបង្កើតរោងចក្រកាត់ដេរដំបូង ឈ្មោះ Sunkind Textile ។
លេខាធិការដ្ឋាន TAFTAC សម្តែងការអបអរសាទរចំពោះប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិដែលទើបជាប់ឆ្នោត និង សូមសម្តែងការកោតសរសើរ និង ថ្លៃងអំណរគុណចំពោះប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិមុនចំពោះការលះបង់ ការខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
គួរបញ្ជាក់ថា ក្នុងរយៈពេល ២៩ឆ្នាំមកនេះ សមាគម TAFTAC បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិន ការពារ និង លើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ និង បានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការនាំចេញផលិតផលទាំងនេះក្នុងឆ្នាំ២០២៥ មានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាមេរិក កើនឡើងពីតម្លៃប្រមាណ ១៣,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ (កើនឡើង ១៥,៨%)។
ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់៕