681 ezgif.com resize
Swift cc time

សមាគមទេសចរណ៍កម្ពុជា (CATA) ប្ដេជ្ញាធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែរីកចម្រើន និងមានភាពធន់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA)

ភ្នំពេញ៖ សមាគមទេសចរណ៍កម្ពុជា (CATA) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកធ្វើឱ្យវិស័យទេសចរណ៍កាន់តែរីកចម្រើន និងបន្តរក្សានូវភាពធន់ និងភាពប្រកួតប្រជែងក្នុងតំបន់។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងពិធីសំណេះសំណាល ជាមួយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

លោក ហួត ហាក់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបន្តថាសមាគមត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានទម្ងន់ខ្លាំងក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិករបស់ខ្លួនបន្ថែម។ ជាពិសេសក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាពក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមអំពីការងារផ្សព្វផ្សាយទេសចរណ៍ ដោយសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត។ បន្ថែមពីនេះ សមាគម ប្តេជ្ញាចូលរួមសហការជាមួយក្រសួងទេសចរណ៍ ជាពិសេសត្រូវចូលរួមជាមួយក្រសួងទេសចរណ៍នៅក្នុងសមរភូមិព័ត៌មានទេសចរណ៍តាមរយៈយុទ្ធនាការ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។

គួរបញ្ជាក់ថា ពិធីសំណេះសំណាលនេះ មានការចូលរួមពីលោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB), អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងសមាជិកនៃសមាគមទេសចរណ៍ សរុបចំនួន ១១០នាក់៕


Khcct banner

អត្ថបទទាក់ទង