ភ្នំពេញ៖ មន្ត្រីជំនាញនៃក្រសួងកសិកម្មកម្ពុជា បាននឹងកំពុងស្រាវជ្រាវ និង កែច្នៃដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើតផលិតផលថ្មី គឺ«អន្ទង់ខកំប៉ុង ត្រីខកំប៉ុង»។ ការកែច្នៃថ្មីនេះ គឺកើតឡើងក្រោមការផ្ដួចផ្ដើម និង ដឹកនាំរបស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលជាការចាប់ផ្តើមដំបូង ដើម្បីជួយដល់ប្រជាជនខ្មែរដែលជាជនភៀសសឹក ដោយសារការឈ្លានពានពីប្រទេសថៃ។
យោងតាមក្រសួងកសិកម្មកម្ពុជា បានគូសបញ្ជាក់ថា ផលិតផល«អន្ទង់ខកំប៉ុង និង ត្រីខកំប៉ុង»នេះ គឺជាផលិតនៃការស្រាវជ្រាវរបស់ក្រុមជំនាញនៃក្រសួងកសិកម្ម ដែលបានស្រាវជ្រាវ និងផលិតដោយ នាយកដ្ឋានកសិឧស្សាហកម្ម។ ចំណែក អន្ទង់ខកំប៉ុង ផលិតដោយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និង គុណភាពនៃរដ្ឋបាលជលផល។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យនៃក្រសួងកសិកម្ម បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា ផលិតផល«អន្ទង់ខកំប៉ុង និង ត្រីខកំប៉ុង» គឺជាការចាប់ផ្តើមដំបូងនៃការកែច្នៃរបស់ក្រសួង ដោយមានការពិនិត្យ និងឆ្លងកាត់មន្ទីរពិសោធន៍ច្បាស់លាស់ ហើយជាជំហានដំបូង យើងគ្រាន់តែផលិតដើម្បីយកទៅផ្គត់ផ្គង់ជួយដល់បងប្អូនជនភៀសសឹកប៉ុណ្ណោះ មិនមានជាការលក់នៅលើទីផ្សារនៅឡើយទេ។
សម្រាប់លោក ឃឹម ហ្វីណង់ ដើម្បីឈានដល់ការធ្វើផលិតកម្មកម្រិតពាណិជ្ជកម្មខ្នាតធំ ទាមទារឱ្យមានការសិក្សាពីសមិទ្ធិលទ្ធភាពនិងនៅត្រូវការពេលវេលាបន្ថែមទៀត។