ហាណូយ៖ ប្រទេសវៀតណាម នៅថ្ងៃ១៦ធ្នូនេះ បានចាប់ផ្តើមសាងសង់រោងចក្រផលិតឧបករណ៍ «បន្ទះឈីប» (semiconductor chip) ជាលើកដំបូងរបស់ខ្លួន ដែលជាជំហានសំខាន់ក្នុងការបង្កើតសមត្ថភាពផលិតបន្ទះឈីបផ្ទាល់ខ្លួន សម្រាប់ជម្រុញវិស័យជាច្រើនរបស់ខ្លួន រួមមានវិស័យអាកាសចរណ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា ឧស្សាហកម្មយានយន្ត ឧបករណ៍វេជ្ជសាស្រ្ត និងស្វ័យប្រតិបត្តិ។
គម្រោងនេះ ត្រូវបានអនុវត្តដោយក្រុមហ៊ុន Viettel Group ដឹកនាំដោយកងយោធាវៀតណាម តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលវៀតណាម។
រោងចក្រឈីបនេះ គឺមានទីតាំងនៅក្នុង Hòa Lạc High-Tech Park ដែលមានទំហំ ២៧ ហិកតា ដែលនឹងក្លាយជាស្ថាប័នរបស់ជាតិ សម្រាប់ការស្រាវជ្រាវ ការរចនា ការធ្វើតេស្ត និងផលិតឧបករណ៍បន្ទះឈីប។Hòa Lạc High-Tech Park គឺជាតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ជាតិដំបូងរបស់វៀតណាម ដែលស្ថិតនៅភាគខាងលិចទីក្រុងហាណូយ។
គម្រោងនេះ នឹងជួយបំពេញឱ្យកាន់តែប្រសើរសម្រាប់ ការប្រើប្រាស់បន្ទះឈីបក្នុងវិស័យអេកូឡូស៊ី (ecosystem semiconductor) ក្នុងស្រុក បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិស្វករផលិតឈីប ដោយមានគោលដៅបណ្តុះបណ្ដាលឱ្យបាន៥០០០០នាក់ក្នុងឆ្នាំ ២០៣០ និងប្រមូលកម្លាំងពលកម្មចំនួន ១០០០០០នាក់ ក្នុងឆ្នាំ ២០៤០។
ប្រធាន និងនាយកប្រតិបត្តិ រោងចក្រឈីបនេះ លោក Tào Đức Thắng បានបញ្ជាក់ថា ការសាងសង់រោងចក្រនឹងបញ្ចប់ឆាប់ៗនេះ និងគ្រោងបើកការផលិតសាកល្បងនៅចុងឆ្នាំ ២០២៧ និងផ្ដោតលើការកែលម្អប្រតិបត្តិការឱ្យស្របតាមស្តង់ដារអន្តរជាតិ ចាប់ពី ២០២៨ ដល់២០៣០។ លោកក៏មានផែនការពង្រីករោងចក្របន្ថែម ដើម្បីឱ្យវៀតណាមអាចចូលដល់បច្ចេកវិទ្យា បន្ទះឈីប (semiconductor) កម្រិតខ្ពស់ជាបន្តបន្ទាប់ផងដែរ។