681 ezgif.com resize
Swift cc time

រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយអង្គការអុកស្វាម ចែកជំនួយជាសាច់ប្រាក់សម្រាប់គ្រួសារជនភៀសសឹកចំនួន ៣០៥០គ្រួសារ នៅទូទាំងជំរុំក្នុងខេត្តចំនួន៤

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី សហការជាមួយអង្គការអុកស្វាម ចែកជំនួយជាសាច់ប្រាក់ សម្រាប់គ្រួសារជនភៀសខ្លួនចំនួន ៣ ០៥០ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នៅទូទាំងជំរុំក្នុងខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ជំនួយនេះ ត្រូវបានរៀបចំឡើងដើម្បីជួយដល់គ្រួសារដែលមានតម្រូវការបន្ទាន់ដូចជា ស្បៀងអាហារ ជម្រក និងសម្ភារៈចាំបាច់ សម្រាប់ស្ថិរភាពក្នុងគ្រាមានវិបត្តិ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ការចែកជូនសាច់ប្រាក់នៅជំរំចុងកាល់ថ្មីនៅថ្ងៃទី១៥នេះ បានទៅដល់ប្រជាពលរដ្ឋចំនួន ១ ៥១៩ គ្រួសារ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយិកាអង្គការអុកស្វាម អភិបាលខេត្តឧត្តរមានជ័យ និងដៃគូក្នុងស្រុក។ ការចែកសាច់ប្រាក់នៅខេត្តឧត្តរមានជ័យនៅថ្ងៃទី១៥ ខែមករានេះ ជាផ្នែកមួយនៃកញ្ចប់ជំនួយ មនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលីចំនួន ២៥០ ០០០ ដុល្លារអាមេរិក ដើម្បីជួយប្រជាជនភៀសសឹក ដោយសារជម្លោះ នៅក្នុងប្រទេសកម្ពុជា តាមរយៈអង្គការអុកស្វាម។ ជាមួយនឹងថវិកានេះ អង្គការអុកស្វាម នឹងជួយផ្តល់ប្រព័ន្ធចម្រុះទឹកស្អាតនិងអនាម័យ អាហារ និងជម្រកសង្គ្រោះបន្ទាន់។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តមានជ័យ បានមានប្រសាសន៍ថា “ជំនួយនេះនឹងជួយសម្រាលបន្ទុករបស់គ្រួសារនៅ ក្នុងខេត្តរបស់យើង និងបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការឆ្លើយតបការងារមនុស្សធម៌។ ខ្ញុំសូមសំណូមពរ តាមរយៈវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនាថ្ងៃនេះ សូមជួយជម្រុញឲ្យបទឈប់បាញ់នេះចូលជាធរមានជាអចិន្ត្រៃយ៍។”។ ចំណែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា “តាមរយៈការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី យើងអាចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ខណៈពេលដែលយើងកំពុងធ្វើការជាមួយសហគមន៍ និងដៃគូ ដើម្បីរៀបចំដំណោះស្រាយរយៈពេលវែង។ ការគាំទ្រផ្នែកមនុស្សធម៌ មិនត្រឹមតែបំពេញតម្រូវការ បន្ទាន់នៅថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញ និងអនាគតកាន់តែ យុត្តិធម៌ផងដែរ។ នេះជាការឆ្លើយតបដំបូងក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអង្គការអុកស្វាម ប៉ុន្តែជាក់ស្តែងសម្រាប់អង្គការអុកស្វាមផ្ទាល់ វាជាអន្តរាគមន៍មនុស្សធម៌លើកទី៦ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៥ មក។ ការលំបាករបស់គ្រួសារភៀសសឹក នៅតែមានទំហំធំធេង ហើយយើងត្រូវបន្តពង្រឹងកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា ដើម្បីធានាថាសហគមន៍ងាយរងគ្រោះទទួលបានការគាំទ្រប្រកបដោយនិរន្តរភាព និងឱកាស ក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។”

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ប្រទេសអូស្ត្រាលី ជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តសម្រាប់ប្រទសកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បញ្ហាប្រឈមរបស់ប្រជាជនកម្ពុជាដែលត្រូវបានជម្លៀសចេញពីទីតាំងដោយសារតែជម្លោះ ជាបញ្ហាសំខាន់ ហើយរដ្ឋាភិបាលអូស្ត្រាលីបានរៀបចំផ្តល់ជំនួយជាបន្ទាន់លើផ្នែក ទឹកស្អាតសម្រាប់បរិភោគ អាហារ ទីជម្រក អនាម័យ និងជំនួយហិរញ្ញវត្ថុ ដើម្បីជួយដល់គ្រួសារភៀសសឹកបំពេញតម្រូវការបន្ទាន់របស់ពួកគេ។ បំណងប្រាថ្នាដ៏ធំរបស់យើងគឺការរក្សាបាននូវបទឈប់បាញ់ ព្រមទាំងសន្តិភាពដែលមានភាពយុត្តិធម៌ និង យូរអង្វែងដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព។”

ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាលអូស្ត្រាលី ដល់ជំនួយមនុស្សធម៌នៅកម្ពុជា និងបង្ហាញពីតួនាទីរបស់អង្គការអុកស្វាម ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ជំនួយមនុស្សធម៌ជាមួយដៃគូក្នុងស្រុក។ នេះក៏បង្ហាញពីកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងអូស្ត្រាលី និង កម្ពុជាក្នុងការលើកកម្ពស់ភាពធន់ ការស្តារឡើងវិញ និងការអភិវឌ្ឍរយៈពេលវែងសម្រាប់សហគមន៍ងាយរងគ្រោះ៕

Khcct banner

អត្ថបទទាក់ទង