ភ្នំពេញ៖ ចាប់ពីពាក់កណ្តាលដល់ដំណាច់ឆ្នាំ២០២៥ គ្រឹះស្ថានជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចបន្ធូរបន្ថយផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយសម្រាលបន្ទុកដល់សហគមន៍ដែលរងគ្រោះដោយការឈ្លាន ពានរបស់ថៃ។ក្នុងនោះ បានលុប«បំណុល»សរុប១លានដុល្លារ សម្រាប់ទ័ពជួរមុខ យោធិនពលី និង របួស ដើម្បីសម្តែងការដឹងគុណ និង លើកលែងការប្រាក់សរុប ១០,៦លានដុល្លារអាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក។
យោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីលទ្ធផលនៃការអនុវត្តវិធានការនានា ដើម្បីជួយដល់សង្គមជាតិក្នុងពេលការឈ្លានពានរបស់ប្រទេសថៃ។ ក្នុងវិធានការទាំងនោះ គឺបានសម្រេច លើកលែងការប្រាក់ចំនួន ១០,៦លានដុល្លារ សម្រាប់គ្រួសារដែលជាជនភៀសសឹក, លុបចោលបំណុល (ទាំងប្រាក់ដើម និងការប្រាក់)ប្រមាណ ១លានដុល្លារ សម្រាប់យោធិន ជួរមុខ យោធិនរងរបួស និង គ្រួសាររបស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និង ថវិកា ៣៤០.០០០ដុល្លារព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់នានា ត្រូវបានរៃអង្គាសតាមរយៈកម្មវិធីសប្បុរសធម៌របស់សមាគម និងគ្រឹះស្ថានសមាជិកដែលបានបរិច្ចាគជូន កងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹកនៅក្នុងខេត្តរងផលប៉ះពាល់។
បន្ថែមពីនេះ មានកម្ចីប្រមាណ ៥០០លានដុល្លារ ត្រូវបានរៀបចំឡើងវិញ ដើម្បីសំរាលសំពាធហិរញ្ញវត្ថុជូនដល់ជនភាសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។នេះបើយោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចាត់ទុកវិធានការទាំងនេះ ត្រូវបានអនុវត្តស្របពេលជាមួយនឹងការអនុវត្តការរៀបចំឥណទានឡើងវិញ និងវិធានការជួយអតិថិជនផ្សេងៗ តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនដែលរងផលប៉ះពាល់នៅតែអាចទទួលបានសេវាហិរញ្ញវត្ថុដោយមិនមានសម្ពាធហិរញ្ញវត្ថុបន្ថែម៕