ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលារៀន បឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា ដើម្បីតំណាងកម្ពុជាចូលរួម កម្មវិធីអាហារូបករណ៍ Teacher Training Students ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំ នៅប្រទេសជប៉ុន ចាប់ពីខែកញ្ញា ឬតុលា ឆ្នាំ២០២៦។
យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍ Teacher Training Students នេះត្រូវបានផ្តល់ជូនដោយ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន ដែលមានផ្តល់ប្រាក់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការរស់នៅ រ៉ាប់រងថ្លៃសេវាសុខភាព ការស្នាក់នៅ និងថ្លៃ សំបុត្រយន្តហោះទៅមក កម្ពុជា ជប៉ុន កម្ពុជា។ លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន គឺតម្រូវឱ្យមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី ៣៥ឆ្នាំ (កើតត្រឹម ឬក្រោយថ្ងៃទី២ ខែមេសា ឆ្នាំ១៩៩១) និងបានបញ្ចប់ការសិក្សាពីសាលាគរុកោសល្យណាមួយ និងកំពុងបង្រៀននៅតាមសាលាបឋមសិក្សា សាលាមធ្យមសិក្សា ឬសាលាគរុកោសល្យនានានៅកម្ពុជា ដែលមានរយៈពេលបំពេញការងារយ៉ាងតិច ៥ឆ្នាំ (គិតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦)។ ជាពិសេស បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសកម្រិតមធ្យម និងមានឆន្ទៈសិក្សាភាសាជប៉ុន និងមានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។
បើតាមប្រភពដដែល មុខវិជ្ជាដែលត្រូវសិក្សាស្រាវជ្រាវមាន រដ្ឋបាលអប់រំ (ឧ. រដ្ឋបាលអប់រំ និងហិរញ្ញវត្ថុ ការគ្រប់គ្រងសាលារៀន), វិធីសាស្រ្តអប់រំ (ឧ. ការបង្រៀន ទ្រឹស្តីប្រព័ន្ធសិក្សា កម្មវិធីសិក្សា ការវាយតម្លៃអប់រំ), ការស្រាវជ្រាវមុខវិជ្ជាឯកទេស (ឧទាហរណ៍ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា កាយសម្ព័ន្ធ), ដំណើរទស្សនកិច្ចសង្កេតការណ៍ និងការអនុវត្ត (ឧ. ការសង្កេតក្នុងថ្នាក់រៀន ការចូលរួមក្នុងសកម្មភាពអប់រំពិសេស ដំណើរទស្សនកិច្ចទៅកាន់កន្លែងស្រាវជ្រាវអប់រំ)។
ក្រសួងបានគូសបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ (Application Form) ជាភាសាអង់គ្លេស ដែលមាននៅក្នុងគេហទំព័ររបស់ស្ថានទូតជប៉ុន នៅ ភ្នំពេញ៖ https://www.studyinjapan.go.jp/en/smap-stopj-applications-teacher.html និងពាក្យសុំប្រឡង អាហារូបករណ៍ជាភាសាខ្មែរ មកបំពេញដោយចាំបាច់ត្រូវភ្ជាប់មកជាមួយនូវព្រឹត្តិបត្រពិន្ទុ ពីសាលាគរុកោសល្យ ណាមួយដែលបេក្ខជនបានសិក្សា (មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬសាលាគរុកោសល្យ ឬវិក្រឹតការខេត្តជាដើម) រួចយកទៅដាក់នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋានអគារលេខ ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ចម្ងាយប្រហែល៥០ម៉ែត្រ) ឱ្យបានមុនថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦ម៉០០នាទី។
ក្រសួងអប់រំ សហការជាមួយស្ថានទូត នឹងរៀបចំការប្រឡងសំណេរវិញ្ញាសា ភាសាជប៉ុន និងភាសាអង់គ្លេស នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីអាហារូបករណ៍ខាងលើ បេក្ខជនអាចទាក់ទងសាកសួរតាមទូរសព្ទលេខ៖ ០៩៨ ៩៨៩ ៧៨៩ ឬទាក់ទងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន តាមអាសយដ្ឋានខាងលើ៕