អាម៉េរិក៖រដ្ឋាភិបាលអាម៉េរិករបស់លោក ត្រាំ នៅថ្ងៃទី ១៤ ខែ មករា បានសម្រេចប្រកាសផ្អាកជាផ្លូវការនៃការស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ដល់អ្នកដាក់ពាក្យសុំមកពីប្រទេសចំនួន ៧៥ ដែលនឹងចាប់ផ្តើមអនុវត្តពី២១ មករា ឆ្នាំ២០២៦នេះទៅ។ក្នុងចំណោមប្រទេសទាំង ៧៥ នោះ គឺមានប្រទេសចំនួន៤ក្នុងតំបន់អាស៊ាន មានថៃ កម្ពុជា ភូមា និង ប្រទេសឡាវ ផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Tommy Pigott បានបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ត្រាំ កំពុងបញ្ចប់ការរំលោភបំពានលើប្រព័ន្ធអន្តោប្រវេសន៍របស់អាម៉េរិកដោយលោកអះអាងថាអ្នកអន្តោប្រវេសន៍ទាំងនោះមកសហរដ្ឋអាម៉េរិកដើម្បីយកទ្រព្យសម្បត្តិពីប្រជាជនអាម៉េរិក។ លោកបន្ថែមទៀតថាដំណើរការទិដ្ឋាការអន្តោប្រវេសន៍ពីប្រទេសទាំង ៧៥ នេះនឹងត្រូវផ្អាក ហើយក្រសួងការបរទេសនឹងវាយតម្លៃឡើងវិញនូវនីតិវិធីដំណើរការអន្តោប្រវេសន៍ចំពោះប្រទេសនាៗខាងលើ។
ជាមួយគ្នានេះដែរលេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានបង្ហោះនៅលើ X ថា ប្រទេសដែលរងផលប៉ះពាល់នឹងរួមមានប្រទេសសូម៉ាលីបន្ទាប់ពីជនអន្តោប្រវេសន៍ទាំងនោះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវហិរញ្ញប្បទាននៅរដ្ឋ Minnesota ក៏ដូចជាប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដូចគ្នាសុទ្ធប្រឈមនិងផ្អាកទិដ្ឋាការរហូត។
ក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់ទៀតថា ខ្លួនបានលុបចោលទិដ្ឋាការជាង ១០០,០០០ ចាប់តាំងពីការវិលត្រឡប់របស់លោក ដូណាល់ត្រាំ មកកាន់តំណែងក្នុងអាណត្តិទី២នេះ ដែលជាកំណត់ត្រាលុបចោលច្រើនបំផុត ក្នុងនោះរដ្ឋបាលលោក ត្រាំ បាននិរទេសមនុស្សជាង ៦០៥,០០០ នាក់ ហើយមនុស្ស ២.៥ លាននាក់ផ្សេងទៀតបានចាកចេញដោយខ្លួនឯង៕