681 ezgif.com resize
Swift cc time

អ្នកជំនាញសេដ្ឋកិច្ច សាទរវិធានការបោសសម្អាត ONLINE SCAM ព្រោះវាជាមេរោគរំខានដល់សេដ្ឋកិច្ច និង បរិយាកាសវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច និង ពាណិជ្ជកម្មកម្ពុជា បានសម្តែងការសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត ONLINE SCAM ដោយក្រុមអ្នកជំនាញយល់ថា បញ្ហា ONLINE SCAM នេះ គឺជាមេរោគរំខានដល់ សេដ្ឋកិច្ច និង បរិយាកាសវិនិយោគនៅកម្ពុជា។ ក្រុមអ្នកជំនាញ បានដាក់នូវសេចក្តីរំពឹងថា បើបញ្ហានេះ ត្រូវបានសម្អាតអស់ នោះ កម្ពុជាអាចនឹងទទួលបានកំណើនទេសចរកាន់តែច្រើន អមជាមួយបរិយាកាលវិនិយោគកាន់តែប្រសើរថែមមួយកម្រិតទៀត។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានប្រាប់ស៊ីស៊ីថាមស៍ថា សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាវិស័យឯកជន គាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំបាត់នូវបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ (Scam) ឬឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ ដែលពាក់ព័ន្ធដល់ការបង្កឱ្យមានអសន្តិសុខជាតិ។

បន្ថែមពីបញ្ហា ONLINE SCAM អ្នកជំនាញពាណិជ្ជកម្មរូបនេះ បន្តឱ្យអាជ្ញាធរពាក់ព័ន្ធលុបបំបាត់ឱ្យអស់នូវ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា ធ្វើយ៉ាងណាឱ្យភូមិ ឃុំ សង្កាត់ នៅក្នុងប្រទេសកម្ពុជាមាន សុវត្ថិភាព ធានាបាននូវការទាក់ទាញអ្នកវិនិយោគ និង ធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាគ្រប់វិស័យ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

ចំណែកលោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា Online Scam គឺមិនមានជាចំណុចល្អសម្រាប់សេដ្ឋកិច្ចទេ តែវាជាសកម្មភាពបោកប្រាសដែលរំខានដល់ការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាផ្តល់បរិយាកាសមិនល្អដល់ការវិនិយោគ។លោកស្រី សាទរយ៉ាងខ្លាំង ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីកម្ចាច់ក្រុមទាំងនេះពីកម្ពុជា ដើម្បីទទួលបានវិនិយោគិនបរទេសបន្ថែមទៀត ដើម្បីឱ្យមានការរីកចម្រើនដល់វិស័យសេដ្ឋកិច្ចជាបន្តទៀត។

ឆ្លើយតបនឹងសំណើររបស់ស៊ីស៊ីថាមស៍ ដែលបានចោទសួរថា តើលោកស្រីបណ្ឌិតរំពឹងទទួលបានផលប្រយោជន៍យ៉ាងណា ក្រោយONLINE SCAMបានសម្អាត?លោកស្រីឆ្លើយថា កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា ទាក់ទាញទេសចរបរទេសកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសមកពីនាយសមុទ្រដែលជាប្រភេទទេសចរចាយលុយច្រើន វិនិយោគិនបរទេសជាច្រើននឹងចាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយសារភាពជឿជាក់ពីសុខសុវត្តិភាព ជាហេតុនាំឱ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនទៅថ្ងៃអនាគត។

លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា

មិនខុសគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា ក៏បានលើកឡើងដែរថា ការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាន និង ឧក្រិដ្ឋកម្មឆ្លងដែននានា ជាយុទ្ធសាស្រ្តមួយដ៏ល្អរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់អំពើទាំងនេះ ពិសេស បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាខិតខំយ៉ាងយកចិត្តទុកដាក់ចំពោះការបង្ក្រាបនេះ។លោករំពឹងថា អ្នកទេសចរ និងអ្នកវិនិយោគ នឹងទទួលបានទំនុកចិត្តខ្ពស់ក្នុងការមកបណ្ដាក់ទុនវិនិយោគ និងមកទេសចរ នៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា នារយៈពេលចុងក្រោយនេះ បានចាត់នូវវិធានការជាបន្តបន្ទាប់ ក្នុងការបង្រ្កាបបទល្មើស ឬឧក្រិដ្ឋកម្ម Online Scam។ ជាក់ស្ដែង មេឧក្រិដ្ឋកម្ម Online Scam លោក ចេន ហ្សី ដែលល្បីមេឧក្រិដ្ឋកម្ម កាលពីថ្ងៃទី៦មករា ឆ្នាំ២០២៦នេះ ត្រូវបានចាប់បញ្ជូនទៅកាន់ប្រទេសចិនវិញ។

នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និង ការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរ សំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជា ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃកម្ពុជានៅលើឆាកអន្តរជាតិ៕

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា 


Khcct banner

អត្ថបទទាក់ទង