អ៊ីរ៉ង់៖ បាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ង់បានបណ្តាលឱ្យក្រុមបាតុករប្រមាណជាង ២០០០ នាក់ត្រូវបានរបបអ៊ីរ៉ង់បាញ់សម្លាប់ និងចាប់ធ្វើទារុណកម្មដោយបាតុកម្មដំបូងឡើយចាប់ផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥ ផ្តើមចេញពីក្រុមអ្នកលក់ដូរនៅផ្សារតេអេរ៉ង់បានធ្វើកូដកម្ម បន្ទាប់ពីរូបិយប័ណ្ណអ៊ីរ៉ង់បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ បាតុកម្មបន្តបន្ទាប់រហូតមកដល់ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៦ នៅតែមិនទាន់ធូរស្បើយមនុស្សជាច្រើនត្រូវបានសម្លាប់ និងចាប់ខ្លួនយកទៅឃុំឃាំង។
ផ្អែកតាមសេចក្តីរាយការណ៍របស់ BBC ក្រុមសកម្មជនសិទ្ធិមនុស្ស (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានរាយការណ៍ថា រហូតមកដល់ពេលនេះមនុស្សជាង ២,០០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបង្ក្រាបដោយហិង្សាដោយកងកម្លាំងសន្តិសុខលើការតវ៉ានៅអ៊ីរ៉ង់។ មន្រ្តីជិតស្និតរបស់អ៊ីរ៉ង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកថានេះគឺជាការបង្រ្កាបទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានដោយការស្លាប់រួមបញ្ចូលជាមួយនឹងក្រុមសន្តិសុខដែលបង្ក្រាបបាតុករ និងក្រុមហ្វូងបាតុករដែលត្រូវបានបាញ់សម្លាប់ និងធ្វើការចាប់ខ្លួនយកទៅឃុំឃាំង។
មន្រ្តីអ៊ីរ៉ង់ដដែលដែលមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថាចំនួនអ្នកស្លាប់អាចនិងបន្តកើនឡើងច្រើនជាងនេះទៅទៀតប្រសិនបើគ្មានដំណោះស្រាយណាមួយច្បាស់លាស់ជាមួយនិងក្រុមបាតុករ។ លោកព្រមានទៀតថាពេលនេះបាតុកម្មបានរីករាលដាលដល់ទីតាំងជាង ៥៧៤ កន្លែងនៅក្នុងខេត្តទាំង ៣១ របស់ប្រទេសអ៊ីរ៉ង់។
បាតុកម្មនៅអ៊ីរ៉ង់បន្តឆាបឆេះកាន់តែខ្លាំងឡើងដូចនេះដោយសារតែប្រធានាធិបតីសហរដ្ឋអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ជួយក្រុមបាតុករដែលកំពុងតែនាំគ្នាចេញបាតុកម្មប្រឆាំងនិងរបបអ៊ីរ៉ង់ដែលដឹកនាំដោយលោក Ali Khamenei ។ លោក ត្រាំបានបញ្ជាក់ច្បាស់ៗនៅល្ងាចថ្ងៃអង្គារម្សិលមិញថាខ្ញុំបានលុបចោលកិច្ចប្រជុំទាំងអស់ជាមួយមន្ត្រីអ៊ីរ៉ង់រហូតដល់ការសម្លាប់បាតុករដោយគ្មានន័យត្រូវបានបញ្ឈប់ លោកថាពេលនេះជំនួយផ្សេងៗរបស់អាម៉េរិកជួយក្រុមបាតុករកំពុងតែនៅតាមផ្លូវ៕