ថៃ៖ សមាគមមន្រ្តីសុខាភិបាលថៃ នៅថ្ងៃទី១៣ មករា បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ អនុវត្តវិធានការបន្ទាន់ បន្ទាប់ពីគិលានុបដ្ឋាយិកា វ័យ ៣០ ឆ្នាំ ឈ្មោះ យូផារ៉ាក់ សុក្វាន់ឌី បានស្លាប់ភ្លាមៗដោយសារគាំងបេះដូង ខណៈកំពុងបំពេញការងារវេនយប់នៅមន្ទីរពេទ្យរ៉យអែត ប្រទេសថៃ (Roi Et Hospital)។ ករណីនេះត្រូវបានបង្ហាញថាបណ្ដាលមកពី បញ្ហាបន្ទុកការងារលើសកម្លាំង និងម៉ោងការងារមិនយុត្តិធម៌ក្នុងប្រព័ន្ធសុខាភិបាលរដ្ឋ។ សមាគមមន្រ្តីសុខាភិបាលថៃ បានអំពាវនាវឱ្យមានការត្រួតពិនិត្យឡើងវិញអំពីចំនួនសមាមាត្រនៃ ចំនួនបុគ្កលិកមន្រ្តីសុខាភិបាល និងអ្នកជំងឺសរុប ដើម្បីរៀបចំឡើងវិញនូវម៉ោងការងារសុវត្ថិភាព ការផ្ដល់ជូនពេលសម្រាកគ្រប់គ្រាន់ សិទ្ធិឈប់សម្រាកពេលឈឺ និងការគាំទ្រផ្លូវកាយផ្លូវចិត្តផ្សេងៗ។
តាមការស្រង់សម្ដីសមាជិកគណកម្មការប្រតិបត្តិរបស់សមាគម លោកវីវ៉ាត់ ឡាវចៃ បានប្រាប់កាសែតថៃ The Bangkok Post ថា គិលានុបដ្ឋាក/យិកាជាច្រើន ត្រូវបានប្រាប់ឱ្យបន្តធ្វើការ ទោះបីពួកគេនឿយហត់ ឬឈឺក៏ដោយ។ លោកបន្ថែមថា នេះបណ្ដាលមកពីកង្វះខាតបុគ្គលិកនៅមន្ទីពេទ្យ និងតម្រូវឱ្យបុគ្គលិករ៉ាប់រងភារកិច្ចធ្ងន់ធ្ងរ ជាពិសេសវេនយប់ដែលមានបុគ្គលិកប្រចាំការតិច និងកម្រមានពេលឈប់សម្រាកណាស់។
លោក វីវ៉ាត់ បានថ្លែងបន្ថែមថា ការស្លាប់របស់មន្រ្តីសុខាភិបាលរូបនេះ គួរតែជាសញ្ញាប្រាប់ឱ្យរដ្ឋាភិបាលថៃពន្លឿនការអនុម័តច្បាប់ការពារបុគ្គលិកក្នុងវិស័យសុខាភិបាលឱ្យបានឆាប់រហ័ស ដើម្បីរៀបចំម៉ោងការងារឱ្យមានភាពយុត្តិធម៌ ពង្រឹងគិតគូរពីសុខុមាលភាពបុគ្គលិក ដើម្បីធានាសុវត្ថិភាពបុគ្គលិកក្នុងវិស័យសុខាភិបាល។
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីសុខាភិបាលថៃ លោក ផាតាណា ព្រំផាត់ បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះករណីនេះ និងបានបញ្ជាឱ្យស៊ើបអង្កេតបន្ថែម ខណៈក្រសួងកំពុងព្យាយាមកាត់បន្ថយបន្ទុកការងារតាមរយៈបច្ចេកវិទ្យា ការកែប្រែប្រាក់ឈ្នួល និងបទប្បញ្ញត្តិថ្មីសម្រាប់បុគ្គលិកសុខាភិបាលផងដែរ៕