681 ezgif.com resize
Swift cc time

ថៃបើកការស៊ើបអង្កេតលើប៉ូលីសមួយចំនួន ស៊ីសំណូកជួយដោះលែងចិនជាង១០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អាជ្ញាធរថៃនៅថ្ងៃ១៣ មករា បានឱ្យដឹងថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើមន្ត្រីប៉ូលីសថៃមួយចំនួន ពាក់ព័ន្ធទៅនឹងការទទួលសំណូកសូកប៉ាន់ជួយដោះលែងជនល្មើសជនជាតិចិន ជាង១០០ នាក់ រត់គេចចេញពី មន្ទីរឃុំឃាំងអន្តោប្រវេសន៍ ទៅកាន់ប្រទេសទីបី ដោយការរួមដៃគ្នារបស់ប៉ូលីសថៃនេះក្នុងគោលបំណង គឺជួយជនជាតិចិនទាំងនោះ គេចចេញពីទណ្ឌកម្មធ្ងន់ៗ រួមទាំងទោសប្រហារជីវិត ក្នុងប្រទេសកំណើតរបស់ខ្លួនជាថ្នូរនិងទទួលបានប្រាក់កម្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់ត្រឡប់មកវិញ។

យោងតាមកាសែតថៃ The Nation បណ្តាញក្រុមរួមដៃគ្នាទាំងអស់នេះ បានរៀបចំឱ្យមានការដាក់ពាក្យបណ្តឹងបទល្មើសថ្មី នៅស្នងការប៉ូលីសថៃ ដើម្បីឱ្យអ្នកស៊ើបអង្កេតអាចស្នើសុំដីកាតុលាការ ហើយសុំឱ្យជនជាតិចិនដែលត្រូវបានឃុំឃាំង ផ្ទេរចេញពីមន្ទីរឃុំឃាំងអន្តោប្រវេសន៍ថៃជាបណ្តោះអាសន្ន ស្របតាមនីតិវិធីច្បាប់។ បន្ទាប់ពីជនជាតិចិនទាំងនោះត្រូវបានបញ្ជូនចេញពីមន្ទីរឃុំឃាំងរួចហើយពួកគេបានរៀបចំឱ្យជនជាតិចិនទាំងនោះបន្តទៅកាន់ប្រទេសទី៣ដោយសុវត្ថិភាព។

អាជ្ញាធរថៃបានព័ណ៌នាប្រតិបត្តិការនេះថា ជាផែនការរៀបចំទុកមុនជាលក្ខណៈប្រព័ន្ធ ដែលមានទីភ្នាក់ងារច្បាស់លាស់ ក្រុមជំនួយការ មេធាវី និងអ្នកឃុបខិត ជាជនជាតិថៃ និងចិន ដែលត្រូវបានស្គាល់ថា មានបណ្ដាញសហការជាមួយមន្ត្រីខិលខូចថៃមួយចំនួន ដើម្បីជួយឱ្យជនល្មើសជនជាតិចិនរត់គេចខ្លួន។

ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរថៃ បានប្រកាសថា ខ្លួនកំពុងប្រមូលភស្តុតាង សម្របសម្រួលការងារជាមួយអង្គភាពផ្សេងៗ នឹងចាត់វិធានការតាមនីតិវិធីច្បាប់ចំពោះមន្ត្រី ឬជនជាតិថៃណាដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការនេះ៕

Khcct banner

អត្ថបទទាក់ទង