681 ezgif.com resize
Swift cc time

អ្នកជំនាញ សាទរការពន្យារពន្ធលើចំណេញមូលធនផ្នែក«អចលនទ្រព្យ»ខណៈវិស័យនេះនៅបន្តជួបការលំបាក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ​នៅថ្ងៃទី ០២ ​ខែមករា ​បានសម្រេចបន្តពន្យាពេលអនុវត្តពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax) ផ្នែកអចលនទ្រព្យរយៈពេលមួយឆ្នាំទៀត ដែលនឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០២៧។ អ្នកជំនាញរកស៊ី និងធ្វើការក្នុងវិស័យនេះ បានសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈដែលវិស័យនេះនៅតែបន្តជួបការលំបាកមិនទាន់អាចងើបឡើងវិញរួច។

ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាម្ចាស់ បុរី វិមានសំណាង ដែលជាបុរីលំដាប់អភិជន បានថ្លែងចាត់ទុកវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលនេះ នឹងមិនជួយឱ្យវិស័យដីធ្លីក្នុងស្រុកឡើងថ្លៃ ហើយនឹងជួយឱ្យវិស័យនេះអាចប្រឹងងើបឡើងវិញបានយ៉ាងឆាប់រហ័ស។

បើតាមអ្នកជំនាញរូបនេះ យល់ថា បច្ចុប្បន្នការទិញលក់អចលនទ្រព្យនៅកម្ពុជា នៅបន្តទៅមុខទាំងលំបាក ដូចក្នុងឆ្នាំកន្លងមក ដោយសារកត្តាខាងក្នុង និង កត្តាខាងក្រៅកម្ពុជា។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាម្ចាស់ បុរី វិមានសំណាង

"បច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងតែមានការស្ដារ និង សម្របខ្លួន បន្ទាប់ពីរងសម្ពាធពីសេដ្ឋកិច្ចសកលអស់មួយរយៈពេល។ការទិញ-លក់ នៅតំបន់ខ្លះមានភាពស្ងប់ស្ងាត់ ប៉ុន្តែមិនបានឈប់សកម្មភាពទាំងស្រុងទេ"។ នេះជាការលើកឡើងរបស់ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)។

លោកបន្តថា អចលនទ្រព្យប្រភេទដី លំនៅឋាន តម្លៃសមរម្យ និង គម្រោងដែលមានតម្រូវការពិតប្រាកដនៅតែមានចរាចរណ៍។ ជារួម ទីផ្សារអចលនទ្រព្យមិនធ្លាក់ចុះទេ តែជាការត្រៀមរៀបចំខ្លួនឡើងវិញ ដើម្បីឆ្ពោះទៅរកការលូតលាស់ប្រកបដោយចីរភាព។

ក្នុងនាមជាសមាគមអ្នកវាយតម្លៃ និង អចលនវត្ថុកម្ពុជា លោកមានការសាទរយ៉ាងខ្លាំង ចំពោះការសម្រេចរបា់រាជរដ្ឋាភិបាលក្នុងការពន្យារពេលអនុវត្តលើចំណេញមូលធនរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ ការសម្រចនេះ បានបង្ហាញពីការយល់ដឹងច្បាស់ពីស្ថានភាពទីផ្សារជាក់ស្ដែង។លោកថា ការស្ដាប់មតិពីវិស័យឯកជន និង អ្នកជំនាញ ហើយក៏ជាការគាំទ្រស្ថិរភាពសេដ្ឋកិច្ច និង វិស័យអចលនទ្រព្យកម្ពុជា។ លោកគិតថា ការសម្រេចចិត្តនេះ ជាការសម្រេចចិត្តប្រកបដោយចក្ខុវិស័យ និងភាពទទួលខុសត្រូវខ្ពស់។

សម្រាប់លោក សន សៀប ការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា ជួយបន្ធូរបន្ទុកហិរញ្ញវត្ថុបណ្ដោះអាសន្នដល់អ្នកវិនិយោគ និង អ្នកអភិវឌ្ឍន៍។ ការពន្យរាពេលអនុវត្តនេះ ក៏អនុញ្ញាតឱ្យអាជីវកម្មមានពេលរៀបចំប្រព័ន្ធគណនី និងការគណនាពន្ធឱ្យបានត្រឹមត្រូវ ក៏ដូចជាជួយរក្សាចលនាទីផ្សារ និងទំនុកចិត្តរបស់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើតលក្ខខណ្ឌល្អសម្រាប់ការកែទម្រង់វិស័យអចលនទ្រព្យឱ្យមានវិជ្ជាជីវៈ និង ភាពថ្លៃថ្នូរជាងមុន។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)

អ្នកជំនាញរូបនេះបន្ថែមថា ជារួមវិស័យអចលនទ្រព្យកម្ពុជា កំពុងឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិន័យ ការសហការរវាងរាជរដ្ឋាភិបាលសម្រាប់ សមាគមវិជ្ជាជីវៈ និងវិស័យឯកជន គឺជាគន្លឹះសំខាន់ក្នុងការជម្រុញទីផ្សារឱ្យរីកចម្រើនយ៉ាងមានប្រសិទ្ធិភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល ១ឆ្នាំទៀត ពោលគឺពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។ដោយឡែក ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០២៦ តទៅ៕

Khcct banner

អត្ថបទទាក់ទង