ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ នៅថ្ងៃទី ១២ ខែមករានេះ បានសម្រេចផ្អាកការធ្វើប្រតិបត្តិការលក់នៃ «គម្រោងអភិវឌ្ឍលំនៅឋាន និង ខុនដូ»ចំនួន៥ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ព្រីនស៍។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាចាប់បញ្ជូនមេខ្លោងរបស់ក្រុមហ៊ុននេះ គឺលោក ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scam។
គម្រោងទាំងនោះ រួមមាន៖ គម្រោងអគារខុនដូ Prince Happiness Plaza ឬ The Pinnacle Residence ,គម្រោងអគារខុនដូ Prince Golden Bay, គម្រោងអគារខុនដូ មជ្ឈមណ្ឌល Prince Huan Yu,គម្រោងលំនៅដ្ឋានបុរី Prince One Tropica, គម្រោងលំនៅដ្ឋានបុរី ភូមិសំរោង ។
យោងតាមនិយ័តករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ បានគូសបញ្ជាក់ថា អតិថិជន ដែលបានចុះកិច្ចសន្យាលក់ និងទិញ ផ្ទះ ឬខុនដូរ នៅក្នុងគម្រោងខាងលើរួច ត្រូវបន្ដអនុវត្តកាតព្វកិច្ចរហូតដល់បញ្ចប់កិច្ចសន្យាលក់-ទិញជាស្ថាពរ។ ដោយឡែក ចំពោះអតិថិជន ដែលបានបញ្ចប់កាតព្វកិច្ចស្របតាមកិច្ចសន្យាលក់-ទិញ ជាមួយគម្រោងខាងលើនេះ ត្រូវបន្ដស្នើសុំការរៀបចំផ្ទេរកម្មសិទ្ធិផ្ទះ និងខុនដូ តាមគម្រោងនីមួយៗ ដោយមានកិច្ចសហការសម្របសម្រួលរវាងនិយ័តករ និងក្រសួងរៀបចំដែនដី។
គួរបញ្ជាក់ថា លោក ចេន ហ្សី (Chen Zhi) ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី ៦ មករា ត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជា ហើយបញ្ជូនទៅកាន់ប្រទេសចិន។ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរចិន និងកម្ពុជា បានបើកការស្រាវជ្រាវអស់ជាច្រើនខែដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន៕