ភ្នំពេញ៖ តំណាងអង្គការ UNFPA ប្រចាំកម្ពុជា បានប្រគល់កញ្ចប់សម្ភារៈបរិក្ខារពេទ្យ ដើម្បីសង្គ្រោះជីវិតទាក់ទងនឹងសុខភាពបន្តពូជចំនួន៧០កញ្ចប់ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗ ដែលនឹងត្រូវដាក់ពង្រាយដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន។
បើតាមក្រសួងសុខាភិបាល កញ្ចប់សម្ភារបរិក្ខារសម្រាប់សុខភាពបន្តពូជចំនួន៧០កញ្ចប់ ដែលត្រូវបានបញ្ជូនទៅឃ្លាំងឱសថកណ្តាល រួមមាន ឧបករណ៍វេជ្ជសាស្រ្ត និងថ្នាំពេទ្យជាច្រើនប្រភេទដែលត្រូវការសម្រាប់ការសង្គ្រោះថែទាំផ្នែកសម្ភព និងទារកទើបនឹងកើត រួមមាន៖
● កញ្ចប់សម្ភារសម្រាប់ការសំអាតនិងអនាម័យ (Kit-2B): ១៩ កញ្ចប់ដើម្បីគាំទ្រដល់ការសម្រាលកូនដោយសុវត្ថិភាពនៅជំរុំភៀសសឹក និងក្នុងសហគមន៍។
● ឧបករណ៍ជំនួយក្នុងការបង្កើតកូន (Kit-6A & Kit-6B): ១៨ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៩) ផ្តល់ទាំងឧបករណ៍ដែលអាចប្រើឡើងវិញបាន និងឱសថសំខាន់ៗសម្រាប់គ្រឹះស្ថានសុខាភិបាល។
● កញ្ចប់សម្រាប់សង្គ្រោះបន្ទាន់និងថែទាំផ្នែកសម្ភព (Kit-11A & Kit-11B): ៦ កញ្ចប់ (ប្រភេទនីមួយៗ មានចំនួន ៣) ដើម្បីគ្រប់គ្រងផលវិបាកនៃការវះកាត់នៃផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកខេត្ត។
● កញ្ចប់ឧបករណ៍ឯកទេសសំខាន់ៗ៖ រួមមានឧបករណ៍សម្រាប់គ្រប់គ្រងផលវិបាកនៃការរលូតកូន (៩ កញ្ចប់) ដេរបួសនៃការដាច់រហែកមាត់ស្បូននិងទ្វារមាស (៩ កញ្ចប់) និងឧបករណ៍បូមជប់សម្រាប់បង្កើតកូន (៩ កញ្ចប់) ។
នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNFPA ដែលបានផ្តល់ការគាំទ្រទាន់ពេលវេលា និងមិនអាចកាត់ថ្លៃបាន ដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ស្ត្រី មាតា និងទារក ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។
លោកសាស្រ្តាចារ្យបន្តថា កញ្ចប់សម្ភារទាំង ៧០ ដែលរួមមានឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិត និងឱសថសំខាន់ៗ នឹងត្រូវដាក់ពង្រាយដើម្បីធានានិរន្តរភាពនៃសេវាថែទាំមាតា និងទារក ការពារហានិភ័យនៃការស្លាប់របស់មាតា និងឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋដែលភៀសខ្លួន។
ជាមួយគ្នានេះ លោកស្រី Sandra Bernklau ក៏បានថ្លែងអំណរគុណចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការបញ្ជូនក្រុមសុខភាពចល័តពីមន្ទីរពេទ្យជាតិ ទៅកាន់ខេត្តដែលរងផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់ព្រំដែន៕