អាម៉េរិក៖ ប្រមុខរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការព្រមានចំៗសារជាថ្មីម្តងទៀតទៅកាន់ប្រទេសអ៊ីរ៉ង់ថាអាម៉េរិកនឹងបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរ និងខ្លាំងមិនធ្លាប់មានពីមុនមកសោះឡើយ ប្រសិនបើអ៊ីរ៉ង់ពិតជាហានបើកការវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកនៅមជ្ឈិមបូព៌ាពិតប្រាកដមែន។ នេះបើយោងតាមការអះអាងរបស់លោកដូណាល់ត្រាំនៅក្នុងយន្តហោះ AIR FORCE ONE កាលពីយប់ថ្ងៃទី ១១ ខែ មករា។
ឆ្លើយសំណួរជាមួយអ្នកាសារព័ត៌មានជុំវិញនៃការគំរាមរបស់អ៊ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅមជ្ឈិមបូព៌ាលោកត្រាំបានព្រមានច្បាស់ៗថាប្រសិនបើអ៊ីរ៉ង់ពិតជាហានវាយប្រហារលើមូលដ្ឋានទ័ពរបស់សហរដ្ឋអាម៉េរិកមែននោះ លោកនឹងឆ្លើយតបទៅវិញលឿន និងខ្លាំងក្លាបំផុតមិនធ្លាប់បានឃើញពីមុនសោះឡើយ។
គួរកត់សម្គាល់ថាប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf វ័យ ៦៤ ឆ្នាំ កាលពីល្ងាចថ្ងៃទី ១១ មករា បានធ្វើការព្រមានចំៗមិនសំចៃមាត់ទៅលើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលថា ការវាយប្រហារណាមួយរបស់សម្ព័ន្ធមិត្តរបស់អាម៉េរិក រឺអាម៉េរិកផ្ទាល់លើអ៊ីរ៉ង់លោកនឹងឆ្លើយតបទៅវិញឱ្យសាកសមជាទីបំផុត ហើយមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងតំបន់នឹងក្លាយជាគោលដៅរបស់អ៊ីរ៉ង់ក្នុងការកម្ទេច។ លោក Mohammad Bagher Ghalibaf សង្គត់ធ្ងន់ថាអាម៉េរិកត្រូវតែថ្លឹងថ្លែងឱ្យច្បាស់កុំចេះតែនិយាយ និងធ្វើការគំរាម លោកថាលើកនេះអ៊ីរ៉ង់នឹងមិនអត់ធ្មត់ទៀតឡើយ៕