681 ezgif.com resize
Swift cc time

បក្សប្រជាជនថៃថានឹង ដោះស្រាយវិបត្តិឧស្សាហកម្ម អំពើពុករលួយ និង គុណភាពវិស័យអប់រំថៃ បើខ្លួនឈ្នះការបោះឆ្នោតក្នុងខែកុម្ភៈ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ លោកណាត់តាផុង រឿងផាន់យ៉ាវុទ្ធ ប្រធានគណបក្សប្រជាជន និងជាបេក្ខភាពនាយករដ្ឋមន្រ្តី កាលពីល្ងាចថ្ងៃទី ១១ មករា បានប្រកាសចក្ខុវិស័យនយោបាយថ្មីរបស់គណបក្សខ្លួនក្នុងវេទិកាបង្ហាញចក្ខុវិស័យរដ្ឋាភិបាលប្រជាជន ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ លោកថាពេលនេះ ប្រទេសថៃកំពុងតែជាប់គាំងក្នុងស្ថានភាពជាប្រទេសកំពុងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ ដែលបញ្ហាធំៗជាច្រើនបានកើតឡើង។

លោកណាត់តាផុង បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចថៃកំពុងជួបវិបត្តិឧស្សាហកម្មចាស់កំពុងស្លាប់ ហើយ ឧស្សាហកម្មថ្មីមិនកើតឡើងដែលធ្វើឱ្យអាជីវកររកស៊ីខ្នាតតូចមើលមិនឃើញអនាគតនៃអាជីវកម្មរបស់ពួកគេ ខណៈអាជីវករធំៗកំពុងមានបញ្ហាពិបាកប្រកួតប្រជែងជាមួយអាជីវកម្មក្រៅស្រុកនិងពិភពលោក។ លោកបានប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងប្រសិនបើបក្សរបស់លោកឈ្នះក្នុងការបោះឆ្នោតនាពេលដ៏ខ្លីខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់កាសែតថៃ Matichon Weekly ដកស្រង់សម្ដីលោកណាតាផុងថា បច្ចុប្បន្ននេះ ពលរដ្ឋថៃកំពុងតែទទួលបានប្រាក់ឈ្នួលទាប ខណៈថ្លៃចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ មានការកើនឡើងរៀងរាល់ឆ្នាំ ហើយកសិករនៅតាមតំបន់ជនបទកំពុងជាប់បំណុលជាច្រើន។

សម្រាប់លោកណាតាផុង ប្រព័ន្ធរដ្ឋបាល និង ប្រព័ន្ធយុត្តិធម៌ថៃ មិនអាចជួយជាខ្នងបង្អែករបស់ពលរដ្ឋថៃបាននៅឡើយ ខណៈអំពើពុករលួយក្នុងសង្គមថៃ បានពង្រីកខ្លួនដល់កម្រិតហានិភ័យខ្ពស់ ចំណែកឯ វិស័យអប់រំថៃក៏ត្រូវបានមើលឃើញថា មិនមានការអភិវឌ្ឍសមស្របនឹងការអប់រំក្នុងសម័យទំនើបនោះទេ។លោកណាត់តាផុង បានបញ្ជាក់ថា «រដ្ឋាភិបាលបក្សប្រជាជន» គឺជាចម្លើយតែមួយសម្រាប់បញ្ហាទាំងនេះ ដើម្បីបំបែកចំណុចខ្វះខាតនៃការគ្រប់គ្រងបែបចាស់ និងបង្កើតរដ្ឋាភិបាលនៃការផ្លាស់ប្តូរថ្មី៕

Khcct banner

អត្ថបទទាក់ទង