ភ្នំពេញ៖ ក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា បានចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើស Online Scams សរុបចំនួន ៤,៩៨៣ នាក់ ដែលមាន ២៣ សញ្ជាតិផ្សេងគ្នា និង បង្ក្រាបទីតាំងចំនួន ១១៨ កន្លែង ក្នុងរាជធានី-ខេត្តចំនួន ១៨។ ការអនុវត្តនូវវិធានការរឹតបន្តឹងច្បាប់នេះ ដើម្បីពង្រឹងការគ្រប់គ្រងជនបរទេស ពិសេសអ្នកចូលមកកម្ពុជាដោយខុសច្បាប់ ធានាថា គ្មានសកម្មភាពល្មើស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬទម្រង់នៃការជួញដូរមនុស្ស/ផ្លូវភេទណាមួយ កើតឡើងជាដាច់ខាត ខណៈបន្តសហការជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ដើម្បីស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងទប់ស្កាត់អំពើល្មើសច្បាប់គ្រប់ទម្រង់។
យោងតាមរបាយការណ៍ចេញដោយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជា បានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៦ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧១ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និង កំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
បើតាមរបាយការណ៍ដដែល បានបង្ហាញពីភាពជោគជ័យនៃ ប្រតិបត្តិការស្រាវជ្រាវស៊ីជម្រៅរហូតឈានដល់បានកំណត់មុខសញ្ញាមេខ្លោងនៃការប្រព្រឹត្តការឆបោក ហើយបានសហការជាមួយសមត្ថកិច្ចចិន ដើម្បីបញ្ជូនឧក្រិដ្ឋជនឈ្មោះ ចេន ហ្ស៊ី ដើម្បីឱ្យផ្តន្ទាទោសតាមច្បាប់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះបទបញ្ជា ដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និង ទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសកម្ពុជា និង រួមចំណែកក្នុងកិច្ចខិតខំក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាសកល៕