ភ្នំពេញ៖ លោក Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន អាកាសចរណ៍ Air Cambodia ក្នុងការទិញយន្តហោះ Boeing យ៉ាងតិច ១០គ្រឿង។សម្រាប់លោក DeSombre ចាត់ទុកការបញ្ជាទិញនេះ គឺ បង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលកំពុងកើនឡើង។
ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោក បំពេញទស្សនកិច្ចរយៈពេលខ្លី មកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី ១០ មករា និងបានជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ប្រទេសជាច្រើន នៅទូទាំងពិភពលោក ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។អាម៉េរិក បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាមេរិក ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា៕