ភ្នំពេញ៖ ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និង ប៉ាស៊ីហ្វីក លោក DeSombre នៅថ្ងៃទី ១០ មករានេះ បានជួបសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជជែកគ្នាពីការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ។ក្នុងជំនួបនោះ លោក DeSombre បានអះអាងថា អាម៉េរិក នៅបន្តយកចិត្តទុកដាក់ ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និង ការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង ចង់ឃើញ«សន្តិភាព»យូរអង្វែងរវាងកម្ពុជា-ថៃ។
លោក DeSombre បានប្រកាសស្វាគមន៍ ចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ ហើយលោក នឹងបន្តជំរុញការរក្សាបទឈប់បាញ់ និង ចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា និង ថៃ។បន្ថែមពីនេះ សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។
ជាថ្មីម្តងទៀត សម្តេច ហ៊ុន ម៉ាណែត បានប្រាប់លោក DeSombre ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថា អាម៉េរិក នឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួម ដើម្បីអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយ សុវត្ថិភាព ដោយគា្មនការរារាំង។
ទាក់ទងនឹងបញ្ហាវាស់វែងព្រំដែន សម្តេច សង្ឃឹមថា នឹងបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និង ថៃ។
ក្រៅពីបញ្ហាព្រំដែន សម្តេច ហ៊ុន ម៉ាណែត និង ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិ បានឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្ម និង វិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និង ការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។អាម៉េរិក នឹងផ្តល់ជំនួយចំនួន ១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕