ភ្នំពេញ៖ កម្ពុជា និងឥណ្ឌា បន្តពិនិត្យលើការអនុវត្តគម្រោងអភិរក្សសត្វខ្លាធំ នៅក្នុងប្រទេសកម្ពុជា និងការជំរុញគម្រោងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ចំពោះគម្រោងអភិរក្សសត្វខ្លាធំនៅកម្ពុជា រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ចាត់ទុកថាជាការរស់រានមានជីវិតសត្វខ្លាធំឡើងវិញនៅកម្ពុជាក្រោយការផុតពូជ និង ធានាថាការងារអភិរក្សជីវចម្រុះមួយដែលគ្រប់លក្ខណះសម្បត្តិដូចមុនវិញ។
បើតាមលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា គម្រោងអភិរក្សសត្វខ្លានេះ ក្រសួងកំពុងសិក្សានៅឡើយទេ ក្រសួងត្រូវការធានាឲ្យបានចំណីសត្វខ្លាដែលមាននៅក្នុងធម្មជាតិ និងធានាឲ្យបាននៅការរស់រានមានជីវិត និងការបន្តពូជពង្រីកខ្លាធំនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ករណីនេះនៅតែស្ថិតនៅត្រង់ចំណុចកំពុងសិក្សានៅឡើយ មិនទាន់សម្រេចថាតើយើងអាចនាំខ្លាមក ហើយខ្លាអាចរស់រានមានជីវិតបង្កើតកូនតពូជតចៅទៀតនៅឡើយ ដូច្នេះការសិក្សានេះមិនទាន់ចប់ទេ ហើយការកំណត់ថ្ងៃក៏មិនមានដែរ។ អ្វីដែលក្រសួងបរិស្ថានរំពឹងទុកក្នុងករណីដែលកម្ពុជាមានខ្លាធំវិញ កម្ពុជានឹងមានជីវចម្រុះមួយដែលគ្រប់លក្ខណះសម្បត្តិដូចមុនវិញ។
ក្នុងការពិភាក្សាពីគម្រោងនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបប្រាប់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) អំពីវឌ្ឍនភាពនៃគម្រោងអភិរក្សសត្វខ្លាធំ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពខ្លាធំអន្តរជាតិ (IBCA) ដែលគម្រោងនេះ បានយកចិត្តទុកដាក់ចំពោះការស្តារចំនួនសត្វខ្លាឡើងវិញ និង ធានាថាការងារអភិរក្សទាំងនេះទទួលបានជោគជ័យស្របតាមផែនការ ដែលបានកំណត់។ និយាយជារួម កម្ពុជានិងឥណ្ឌា បានប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាសហគមន៍មូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដែលមិនត្រឹមតែជួយបង្កើនចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងទំនាក់ទំនងរវាងប្រជាជនឥណ្ឌា និង ប្រជាជនកម្ពុជា។ ចំណែក វិស័យបរិស្ថានវិញ រដ្ឋាភិបាលឥណ្ឌាក៏បានបន្តផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីក្រសួងបរិស្ថានកម្ពុជាជារៀងរាល់ឆ្នាំផងដែរ៕