ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា-ធ្នូ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលំដាប់ទី១របស់កម្ពុជា ដែលទំហំពាណិជ្ជកម្មកម្ពុជា ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ១៩,៧ ពាន់លានដុល្លារ កើនឡើងជិត ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥កន្លងទៅនេះ កម្ពុជាបានសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៣.៦៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤.២៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីចិនមានដូចជា៖ អាស៊ាន ១៦,៣៧ ពាន់លានដុល្លារ; សហរដ្ឋអាម៉េរិក ១៣,១៥ ពាន់លានដុល្លារ; សហភាពអឺរ៉ុប ៥,៨៧ ពាន់លានដុល្លារ; ជប៉ុន ២,៥៣ ពាន់លានដុល្លារ; កាណាដា ១,៣៣ ពាន់លានដុល្លារ; ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារ; សាធារណរដ្ឋកូរ៉េ ៩២៣ លានដុល្លារ; អូស្រ្តាលី ៦២៥,៨៧ លានដុល្លារ; ឥណ្ឌា ៤១០,៦៩ លានដុល្លារ; និង អេម៊ីតអារ៉ាប់រួម៩៨,៧៦ លានដុល្លារ។
គួរបញ្ជាក់ថា ទំនិញនាំចេញសំខាន់ៗទាំង១០មុខរបស់កម្ពុជាមានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរនិងកាបូប អង្ករ សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិកនិងភាគបំណែក ដំឡូងមី កង់ ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង៕