អាម៉េរិក បានប្រកាសផ្តល់ជំនួយចំនួន ៤៥ លានដុល្លារសហរដ្ឋអាម៉េរិក ដល់ប្រទេសថៃ និង កម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែន។នេះបើយោងតាមលោក DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ តាមប្រព័ន្ធ Zoom។
នៅក្នុងសន្និសីទសារព័ត៌មាន លោក DeSombre បានប្រាប់ថា លោកបានជួបជាមួយមន្ត្រីថៃ នៅទីក្រុងបាងកកនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និង កិច្ចខិតខំប្រឹងប្រែងទូលំទូលាយក្នុងការលើកកម្ពស់ផលប្រយោជន៍រួម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកាន់តែមានសុវត្ថិភាព រឹងមាំ និង សម្បូររុងរឿងជាងមុន។
បើតាមលោក DeSombre អាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និង ត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និង ស្ថិរភាពសម្រាប់ប្រជាជនរបស់ពួកគេ និងតំបន់ទាំងមូល។បន្ថែមពីនេះ អាម៉េរិក នឹងផ្តល់ថវិកា ១៥លានដុល្លារ សម្រាប់ធ្វើឱ្យមានស្ថិរភាពព្រំដែន ដើម្បីជួយសហគមន៍ឱ្យងើបឡើងវិញ និងជួយដល់ជនភៀសសឹក, ១០លានដុល្លារ សម្រាប់ប្រតិបត្តិការដោះមីន និង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ២០លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមនានាដែលនឹងជួយប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន រួមទាំងកម្មវិធីជាច្រើនទៀត។
លោក DeSombre បានស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងចាត់ទុកថា ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិភាពយូរអង្វែង៕