681 ezgif.com resize
Swift cc time

កម្ពុជាខិតខំ និង ស្វាគមន៍«អ្នកវិនិយោគ»ចម្រុះជាតិសាសន៍ ខណៈបច្ចប្បន្នអ្នកវិនិយោគចិនមានប្រមាណ ៥០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល នៅថ្ងៃទី៨មករា កន្លងទៅនេះ បានផ្តល់បទសម្ភាសន៍ជូនភ្នាក់ងារសារព័ត៌មានសេដ្ឋកិច្ចលំដាប់ពិភពលោក Bloomberg ដោយផ្តោតយ៉ាងស៊ីជម្រៅលើ បច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគ និងយុទ្ធសាស្ត្រពង្រឹងឧត្តមភាពប្រកួតប្រជែងក្នុងទីផ្សារធុរកិច្ចអន្តរជាតិ សំដៅបង្កើនការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសកម្ពុជា។ក្នុងបទសម្ភាសន៍នោះ លោកបានបង្ហាញពីការព្យាយាមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទាក់ទាញវិនិយោគជម្រុះជាតិសាសន៍ ខណៈបច្ចប្បន្នអ្នកវិនិយោគចិនមានប្រមាណ៥០%។

ក្នុងបទសម្ភាសន៍ជាមួយ Bloomberg លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការវិនិយោគបរទេសប្រមាណ ៥០% គឺជាការវិនិយោគរបស់ចិន តែកម្ពុជាក៏បានព្យាយាមស្វែងរកវិនិយោគិនពីប្រទេសផ្សេងៗទៀត ដូចជា អឺរ៉ុប អាម៉េរិក ជប៉ុន កូរ៉េ អូស្រ្តាលី និង ប្រទេសផ្សេងហើយកម្ពុជាតែងតែស្វាគមន៍វិនិយោគិនចម្រុះមកកាន់ប្រទេសរបស់ខ្លួន សំខាន់គឺវិនិយោគិនគ្រប់លក្ខណៈក្នុងការវិនិយោគលើទឹកដីកម្ពុជាសមស្របជាមួយច្បាប់ស្រុកខ្មែរ។

ទាក់ទងនឹងការចរចាពន្ធបដិកាអាម៉េរិក ក្នុងសំណួរបន្ត លោក ស៊ុន ចាន់ថុល បានលើកឡើងថា បញ្ហានេះ នាយករដ្ឋមន្រ្តីបានខិតខំវិធីគ្រប់បែបយ៉ាង ដើម្បីចរចាជាមួយអាម៉េរិក ដើម្បីពិភាក្សាទៅលើវិស័យមួយចំនួនជាមួយ ដូណាល់ ត្រាំ ដើម្បីកាត់បន្ថយពន្ធមកលើការនាំចេញមួយចំនួនដូចជា រោងចក្រ វិស័យកាត់ដេរ វាយនភ័ណ្ឌ ដោយសារតែភាគច្រើនវិស័យនេះភាគច្រើនមានស្រ្តីជាអ្នកធ្វើការ។

លោក ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍រាល់គ្រប់គម្រោងវិនិយោគដោយផ្ទាល់ពីបរទេស និង ការផ្តល់នូវបរិយាកាសវិនិយោគដែលប្រកបដោយចីរភាព និង ផលចំណេញខ្ពស់។តាមរយៈវេទិកាសេដ្ឋកិច្ចជាច្រើន លោករំពឹងថា នឹងជួយជំរុញលំហូរទុនវិនិយោគមកកាន់កម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៦នេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ឆ្នាំ២០២៥ វិស័យទទួលបានការវិនិយោគច្រើនជាងគេគឺ វិស័យឧស្សាហកម្ម ក្នុងទុនវិនិយោគសរុប ៥,៦ ប៊ីលានដុល្លារ។ បន្ទាប់មក វិស័យហេដ្ឋារចនាសម្ព័ន្ធ និង ផ្សេងៗ ក្នុងទុនវិនិយោគ ៣,៨ ប៊ីលានដុល្លារ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៤៣៦ លានដុល្លារ និងវិស័យទេសចរណ៍ ១៧៥ លានដុល្លារ។

ប្រភពទុនវិនិយោគឈានមុខគេមានដូចជា៖ ចិន កម្ពុជា សិង្ហបុរី វៀតណាម កោះ British Virgin ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក កោះ Cayman កោះ Samoa និង Bermuda ៕


Khcct banner

អត្ថបទទាក់ទង