ភ្នំពេញ៖ កម្ពុជា និង អារ៉ាប៊ីសាអូឌីត បានប្រកាសស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
យោងតាមក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអនុញ្ញាតឱ្យ លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរជូនចំពោះលោកឯកអគ្គរាជទូត ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យ និងបានសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់លោក ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។
ភាគីទាំងពីរបានស្វាគមន៍ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ដោយបានគូសបញ្ជាក់ពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន។ លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោកឧបនាយករដ្ឋមន្ត្រី ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងអាណត្តិរបស់លោក។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរាជទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕