ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ មករានេះ បានផ្ញើសារលិខិតអបអរសាទរ លោកបណ្ឌិត Thongloun Sisoulith ក្នុងឱកាសដែលលោកបានជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ក្នុងសារនោះ សម្តេច ហ៊ុន សែន សង្ឃឹមថា ចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងកាន់តែរឹងមាំ។
ក្នុងលិខិតសាទរនោះ សម្តេច ហ៊ុន សែន បានចាត់ទុកការបន្តកាន់តំណែង លោក ថងលួន ស៊ីសូលីត គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីទំនុកចិត្ត ដ៏មុតមាំ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ និង ប្រជាជនឡាវ លើសមត្ថភាព និងមគ្គទេសក៍ដ៏ឈ្លាសវៃរបស់ លោក ថងលួន ស៊ីសូលីត ក្នុងការដឹកនាំការអភិវឌ្ឍជាតិ ដើម្បីឱ្យប្រជាជនឡាវអាចមាន ជីវភាពរស់នៅដោយរីករាយក្នុងសន្តិភាពជានិរន្តរ៍ ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង។
សម្តេច ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយត្រឹមត្រូវ ចក្ខុវិស័យវែងឆ្ងាយ និង សម្លឹងទៅអនាគតរបស់ លោក ថងលួន ស៊ីសូលីត គណបក្សប្រជាជនបដិវត្តន៍ឡាវនឹងទទួលបានការជឿទុកចិត្ត និង ការគាំទ្រកាន់តែច្រើនពីប្រជាជនឡាវ ហើយ ទទួលបានជោគជ័យកាន់តែធំក្នុងការអនុវត្តគោលនយោបាយ និងសេចក្ដីសម្រេចចិត្ត ដែលបានអនុម័តដោយមហា សន្និបាតតំណាងទូទាំងប្រទេស។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន ទំនុកចិត្តផងដែរថា ចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជារវាងប្រជាជនទាំងពីរ នឹងកាន់តែរឹងមាំ ឡើងនាពេលអនាគតដ៏យូរអង្វែងស្របតាមស្មារតី នៃ «កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពគង់វង្សយូរអង្វែង»។
គួរបញ្ជាក់ថា លោក ថងលូន ស៊ីសូលីត ត្រូវបានជ្រើសតាំងជាថ្មីជា អគ្គលេខាធិការនៃគណៈមជ្ឈិមបក្សអាណត្តិទី១២។ សមាជិកគណៈមជ្ឈិមបក្សដែលត្រូវបានជ្រើសរើសអំឡុងសមាជបក្សលើកទី១២ បានផ្ដល់ការគាំទ្រលោក ថងលួន ដោយសំឡេងលើសលប់។ជាមួយតំណែងកំពូលក្នុងប្រទេសនេះ លោក ថងលួន នឹងដឹកនាំការអនុវត្តគោលនយោបាយរបស់បក្សរយៈពេល២០២៦-២០២៣០៕