ភ្នំពេញ៖ តាមផែនការគ្រោងទុក ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងក្រុមជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងចាប់ផ្តើមសិក្សាផែនការលម្អិតពីគម្រោងប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ចាប់ពីសប្តាហ៍ទី២ ខែមករាខាងមុខនេះ។
លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំដំបូងដោយផ្ទាល់ និងតាមរយៈវីដេអូពីចម្ងាយ លើការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងក្រុមជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដឹកនាំដោយលោកស្រី មីអ៊ូរ៉ា យូស៊ីកូ តំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។
បើតាមក្រួងសាធារណការ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីណែនាំសមាសភាពក្រុមការងារគម្រោងរវាងភាគីកម្ពុជា និងភាគីជប៉ុន ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុន និងធ្វើបទបង្ហាញអំពីផែនការការងារសិក្សាផែនការលម្អិតលើការរៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។
ក្នុងឱកាសនេះ តំណាងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសាធារណការ បានថ្លែងអំណរគុណចំពោះសមាជិកអង្គប្រជុំ និងភាគីជប៉ុន ដែលបានធ្វើបង្ហាញពីការរៀបចំផែនការការងារគម្រោង ដើម្បីប្រមូលនូវធាតុចូលបន្ថែម និងការចូលរួមសហការគ្នាយ៉ាងយកចិត្តទុកដាក់ និងបន្តកិច្ចសហការគ្នាបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យការសិក្សាផែនការលម្អិតរបស់គម្រោងនេះ មានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស សំដៅឱ្យការសិក្សាទទួលបានលទ្ធផលផ្លែផ្កាស្របតាមផែនការដែលបានគ្រោងទុក។
ក្រសួងសាធារណការបានញ្ជាក់ថា តាមការគ្រោងទុក ក្រុមជំនាញការនៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសជប៉ុនខាងលើ នឹងចាប់ផ្តើមបំពេញបេសកកម្មអនុវត្តការងាររបស់ខ្លួននៅកម្ពុជា ចាប់ពីសប្តាហ៍ទី២ ខែមករា ខាងមុខ ហើយកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសម្របសម្រួលរួម (1st JCC Meeting) នៃគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់នេះ នឹងត្រូវរៀបចំឡើង ក្រោមអធិបតីភាពរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលខាងមុននេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕