រាជធានីភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយ ប្រោន ដែលជាម៉ាកយីហោដែលផ្តោតលើការរស់នៅប្រចាំថ្ងៃដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូយុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនភាពងាយស្រួលក្នុងការទូទាត់ប្រាក់តាមឌីជីថល និងផ្តល់នូវបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើងនៅទូទាំងបណ្តាញហាងទូទាំងប្រទេសរបស់ ប្រោន។
កិច្ចសហការរវាងម៉ាកយីហោឈានមុខគេពីរនៅកម្ពុជានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេចំពោះនវានុវត្តន៍ និងដំណោះស្រាយទូទាត់ដែលផ្តោតលើអតិថិជនជាចំបង។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រនេះ ធនាគារ កាណាឌីយ៉ានឹងធ្វើសមាហរណកម្មបច្ចេកវិទ្យាទូទាត់ឌីជីថលរបស់ខ្លួន រួមទាំង KHQR ការទូទាត់តាមប័ណ្ណ និងសេវាកម្មទូទាត់ប្រាក់ផ្សេងៗនៅតាមហាង និងកម្មវិធីទូរស័ព្ទដៃរបស់ ប្រោន។ ការធ្វើសមាហរណកម្មនេះនឹងអនុញ្ញាតឱ្យអតិថិជនរីករាយជាមួយនឹងប្រតិបត្តិការទូទាត់ដោយមិនប្រើសាច់ប្រាក់ដែលមានល្បឿនលឿន សុវត្ថិភាព និងរលូនទាំងនៅក្នុងហាង និងតាមអញឡាញ។
ភាពជាដៃគូនេះក៏បានបង្ហាញនូវភាពរួមបញ្ចូលគ្នានូវកិច្ចខិតខំប្រឹងប្រែងសម្រាប់ជាប្រយោជន៍ជូនដល់អតិថិជនផងដែរ។ ជាមួយនឹងអ្នកគាំទ្រជាច្រើនរបស់ ប្រោន និងកំណើននៃមូលដ្ឋានអ្នកប្រើប្រាស់ឌីជីថលរបស់ធនាគារ កាណាឌីយ៉ាដ៏គួរឲកត់សម្គាល់ ភាគីទាំងពីរកំពុងតែបង្កើតការផ្តល់ជូន អត្ថប្រយោជន៍ និងយុទ្ធនាការកាន់តែច្រើនសម្រាប់អតិថិជន។ នាពេលខាងមុខនេះ អតិថិជននឹងទទួលយកនូវកម្មវិធីថ្មីៗ ដើម្បីសន្សំពិន្ទុ ប្តូរយករង្វាន់ និងរីករាយជាមួយអត្ថប្រយោជន៍ផ្សេងៗ តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ស្ថាប័នទាំងពីរ ដែលធ្វើឱ្យទម្លាប់ប្រចាំថ្ងៃរបស់អតិថិជនកាន់តែទទួលបានអត្ថប្រយោជន៍ច្រើន។ ជាមួយគ្នានេះដែរ ភាពជាដៃគូនេះក៏គាំទ្រដល់ការផ្លាស់ប្តូរជាបន្តបន្ទាប់របស់ប្រទេសកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចទំនើបបែបឌីជីថល និងបង្កើនការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់ផ្ទាល់។
លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានលើកឡើងកំឡុងពេលពិធីចុះអនុស្សារណៈថា៖ «កិច្ចសហការនេះ បានបង្ហាញឲ្យឃើញភាពខ្លាំងក្លានៃម៉ាកយីហោដ៏រឹងមាំទាំងពីរនៅប្រទេសកម្ពុជា ដែលបានចាប់ដៃគ្នាផ្តល់នូវនវានុវត្តន៍ ភាពងាយស្រួល និងតម្លៃដ៏មានអត្ថន័យដល់អតិថិជន។ តាមរយៈការសហការគ្នាជាមួយ ប្រោន យើងខ្ញុំកំពុងធ្វើឱ្យការទូទាត់ប្រាក់ប្រចាំថ្ងៃកាន់តែងាយស្រួល និងសម្បូរដោយអត្ថប្រយោជន៍សម្រាប់អតិថិជន។ យើងរួមគ្នាបន្តផ្លាស់ប្តូរអនាគតនៃហិរញ្ញវត្ថុឌីជីថល និងបទពិសោធន៍នៃការរស់នៅនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ»។
លោក លីវ ឈួង នាយកប្រតិបត្តិនៃប្រោន ក៏បានលើកឡើងថា៖ «នៅ ប្រោន យើងខ្ញុំតែងតែជឿជាក់ថា បដិសណ្ឋារកិច្ចដ៏ល្អពិតប្រាកដ មិនត្រឹមតែជាអ្វីដែលផ្តល់ជូននៅក្នុងភេសជ្ជៈមួយកែវនោះទេ ប៉ុន្តែជាការរួមបញ្ចូលនូវភាពងាយស្រួល ផាសុកភាព និងការភ្ជាប់ទំនាក់ទំនងជុំវិញ នៅរៀងរាល់ពេលដែលអតិថិជនមកកាន់ហាងរបស់យើង។ ភាពជាដៃគូនេះអនុញ្ញាតឱ្យយើងខ្ញុំយកជំនឿនោះទៅឆ្ងាយថែមទៀត។ តាមរយៈការភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ របស់យើងដោយផ្ទាល់ជាមួយប្រព័ន្ធទូទាត់តាមឌីជីថលរបស់ធនាគារ យើងខ្ញុំកំពុងធ្វើឱ្យការទូទាត់ប្រព្រឹត្តទៅកាន់តែលឿនជាងមុខ ភាពត្រឹមត្រូវឲ្យកាន់តែប្រសើរឡើង សុវត្ថិភាពកាន់តែរឹងមាំ និងបទពិសោធន៍កាន់តែរលូនសម្រាប់ទាំងអតិថិជន និងក្រុមការងាររបស់យើង»។
សូមជម្រាបថា ធនាគារ កាណាឌីយ៉ា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និងបានធ្វើឯកជនភាវូបនីយកម្មពេញលេញនៅក្នុងឆ្នាំ ១៩៩៨ ជាធនាគារពាណិជ្ជដែលមានសេវាកម្មពេញលេញបំផុតមួយ ដែលមានជំនាញហិរញ្ញវត្ថុ និងភាពរឹងមាំឈរជើងជាងបីទសវត្សរ៍កន្លងមក។ ធនាគារកាណាឌីយ៉ា មានជំហរដ៏រឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ គាំទ្រដោយទំនាក់ទំនងយ៉ាងទូលំទូលាយ រវាងធនាគារក្នុងស្រុក និងអន្តរជាតិ។
ជាមួយនឹងសាខាចំនួន ៦៩ និងម៉ាស៊ីនឌីជីថលស្វ័យសេវាជាង ៤៣០នៅទូទាំងប្រទេស ធនាគារកាណាឌីយ៉ា នៅតែបន្តជំរុញនវានុវត្តន៌ និងផ្តល់នូវបទពិសោធន៍ធនាគារឌីជីថលរលូននៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.canadiabank.com.kh ។
ប្រោន បានស្ថិតនៅលំដាប់កំពូលនៃរលកវប្បធម៌កាហ្វេនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 16 ឆ្នាំមកហើយ។ ប្រោន ក៏ជាហាងដំបូងគេដែលជំនាញក្នុងការរួមបញ្ចូលគ្នានៃនវានុវត្ត ផលិតផលដែលមានគុណភាពខ្ពស់ ជាមួយនឹងការផ្តល់ជូននូវកន្លែងបំផុសគំនិត និងច្នៃប្រឌិត ផងដែរ ដោយ ប្រោន នៅតែបន្តផ្តល់នូវបទពិសោធន៍ហាងកាហ្វេមួយដែលរីករាយ និងជំរុញទឹកចិត្ត នៅគ្រប់ហាងទាំងអស់របស់ខ្លួនទូទាំងប្រទេស។